ភំ្នពេញ៖ សមត្ថកិច្ចប្រឆាំងគ្រឿងញៀនកម្ពុជានិងចិន សហការស្រាវជ្រាវបង្ក្រាបចាប់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនចំនួ ៩នាក់ និងរឹបអូសគ្រឿងញៀនបានជិត៣៥០គីឡូក្រាមរួមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
ការចាប់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនទាំងនេះ បន្ទាប់ពីសមត្ថកិច្ចកម្ពុជាទទួលបានព័ត៌មានពីខាងជំនាញហើយ ក៏បានបើកការស៊ើបអង្កេតអស់រយៈពេលជាង៤ខែ ទើបឈានទៅបង្ក្រាបព្រមៗគ្នាតែម្តង ដោយសមត្ថកិច្ចចិនក៏បានបង្ក្រាបក្រុមឧក្រិដ្ឋជនពាក់ព័ន្ធនៅឯប្រទេសចិនផងដែរ។
ជាលទ្ធផល កិច្ចប្រតិបត្តិការបង្រ្កាបនេះ នៅ២គោលដៅផ្សេងគ្នា គឺគោលដៅទី១ នៅចំណុចវីឡាភ្លោះលេខ២១ ផ្លូវលេខ R03 កែងផ្លូវលេខ R07 ស្តាផ្លាទីនឹម បុរីប៉េងហួតបឹងស្នោ សង្កាត់និរោធខណ្ឌច្បារអំពៅ និងគោលដៅទី២ នៅចំណុចភោជនីយដ្ឋានអីយិនម៉ាថូវ សង្កាត់បឹងព្រលឹតខណ្ឌ៧មករា រាជធានីភ្នំពេញ។
វត្ថុតាងរួមមាន គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ICE) សរុបរួមទម្ងន់ ៣៤៧គីឡូក្រាម៤២៧,៩៩ក្រាម (លាក់ក្នុងបំពង់ដែក ៣៦៧ដើម និង៦១កញ្ចប់ធំ) ជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿងនិងសម្ភារវេចខ្ចប់មួយចំនួន ដែលពួកគេរៀបចំបញ្ជូនបំពង់ដែកមកកម្ពុជា ហើយលួចច្រកគ្រឿងញៀន បម្រុងបញ្ជូនតាមផ្លូវសមុទ្រទៅប្រទេសទី៣៕ SP