ដេប៉ូលក់ឈើមួយកន្លែង មានឈើប្រណិត និងប្រើម៉ាស៊ីនរ៉ៃបញ្ឈរនៅខណ្ឌសែនសុខ

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 31 កក្កដា 2026
ដេប៉ូលក់ឈើមួយកន្លែង មានឈើប្រណិត និងប្រើម៉ាស៊ីនរ៉ៃបញ្ឈរនៅខណ្ឌសែនសុខ

សេចក្ដីរាយការណ៍បានឱ្យដឹងថា ទីតាំងឃ្លាំងមួយកន្លែងនៅលើដីឡូត៌លេខ ២៨ ភូមិវិមានទ្រុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានស្តុកឈើប្រភេទធ្នង់(ជាច្រើន) បន្ទាប់មកបេង រាជកុល គគីរ សុក្រម ផ្ទឹក តាសេក និងដាក់ម៉ាស៊ីនរ៉ៃបញ្ឈរដូចរូបភាពដែលបង្ហាញនេះ ខណៈ PC ឬក៏លិខិតអនុញ្ញាតដែលក្រុមការងារ 1Post ទទួលបានចុះថ្ងៃទី៣០ មិថុនា ២០២៦ សរសេរថាជាកូនឈើចម្រុះប្រភេទក្រៅលំដាប់ថ្នាក់អង្កត់ផ្ទិត ១៥.៣០សម បានន័យថា មុខកាត់ទំហំជាង ១៥សង់ទីម៉ែត្រ។ សូម្បីតែកំណត់ហេតុនៃលិខិតអនុញ្ញាតមុនៗដែល 1Post ទទួលបាន រួមទាំងលិខិតអនុញ្ញាតចុះថ្ងៃទី១៦ មីនា ២០២៦ ក៏ជាឈើអារប្រភេទ សុក្រម គគីរ ផ្ចឹក តែទីតាំងនេះបែជាមានឈើប្រណិតធ្នង់ជាច្រើន រួមទាំងឈើមួយចំនួនទៀតដែលអត់មានឈ្មោះក្នុងបញ្ជីនៃលិខិតអនុញ្ញាត និងបង្ហោះលក់លើបណ្ដាញសង្គមជាហូរហែរកាលពីពេលកន្លងទៅ។

ដេប៉ូលក់ឈើមួយកន្លែង មានឈើប្រណិត និងប្រើម៉ាស៊ីនរ៉ៃបញ្ឈរនៅខណ្ឌសែនសុខ

លោក សំអឿន ហៅ រ៉ា ម្ចាស់ឃ្លាំងខាងលើបានឱ្យ 1Post ដឹងថា ទីតាំងរបស់លោកគឺមានច្បាប់បង្កើតរោងសន្និធិ ឬ ពាក្យសាមញ្ញគេហៅច្បាប់ដេប៉ូលក់ឈើ។ លោកបញ្ជាក់ទៀតថា ឈើទាំងអស់នោះសុទ្ធតែមានច្បាប់ រួមទាំងម៉ាស៊ីនដែលកំពុងប្រើនេះក៏មិនខុសច្បាប់ដែរ។ សម្លេង

ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ លោក ញ៉ែ តារារិទ្ធ បានឱ្យដឹងថា តាមសេចក្ដីរាយការណ៍របស់លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ដែលជាមន្ត្រីជំនាញបានបញ្ជាក់ថា ទីតាំងនោះជារោងសន្និធិលក់ចែកចាយផលអនុផលព្រៃឈើរបស់លោក អ៊ូច សំអឿន មានលិខិតអនុញ្ញតិ នៅមានសុពលភាព។ និងមានដាក់ម៉ូទ័រតូចតាចច្រៀកកូនឈើមូលដើម្បីយកសាច់ឈើមកប្រើប្រាស់ឱ្យអស់លទ្ធភាព។ ហើយកូនឈើមូលដឹកចូលរោងមានលិខិតអនុញ្ញាតដឹកជញ្ជូន (PC) ត្រឹមត្រូវ។ 

ដេប៉ូលក់ឈើមួយកន្លែង មានឈើប្រណិត និងប្រើម៉ាស៊ីនរ៉ៃបញ្ឈរនៅខណ្ឌសែនសុខ

ដើម្បីឱ្យកាន់តែច្បាស់នៃរបាយការណ៍របស់លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ 1Post បានសូមការបញ្ជាក់បន្ថែមពីលោកនូវភស្ដុតាងដែលយើងខ្ញុំទទួលបាន ប៉ុន្តែពុំមានការឆ្លើយតបនៅឡើយ បន្ទាប់ពីក្រុមការងារ 1Post បានផ្ញើសារសំណួរទៅកាន់តេឡេក្រាមរបស់លោកតាំងពីថ្ងៃទី ១៤ កក្កដា មកដល់វេលាចេញផ្សាយនេះ គ្រាដែលឈើជាច្រើនដែលបានអារពុះច្រៀកនៅទីនោះមិនត្រឹមជាកូនឈើនោះទេ។

ដេប៉ូលក់ឈើមួយកន្លែង មានឈើប្រណិត និងប្រើម៉ាស៊ីនរ៉ៃបញ្ឈរនៅខណ្ឌសែនសុខ

សូមរម្លឹកថា បើយោងតាមលិខិតអនុញ្ញាតរោងសន្និធិលក់ចែកចាយផល និងអនុផលព្រៃឈើ (មិនមែនជារោងអារឈើ) នោះគោលបំណងសំខាន់គឺសម្រាប់រក្សាទុកលក់ និងចែកចាយឈើឬផល-អនុផលព្រៃឈើដែលមានប្រភពស្របច្បាប់។ ជាទូទៅលិខិតប្រភេទនេះមិនផ្តល់សិទ្ធិឱ្យដំឡើង ឬប្រើម៉ាស៊ីនអារឈើ ឬម៉ាស៊ីនច្រៀកឈើដោយស្វ័យប្រវត្តិទេ។ ប្រសិនបើចង់អារឈើ ឬច្រៀកឈើជាអាជីវកម្ម ត្រូវមានការអនុញ្ញាតបន្ថែមពីរដ្ឋបាលព្រៃឈើស្របតាមប្រភេទសកម្មភាព។ 

ដេប៉ូលក់ឈើមួយកន្លែង មានឈើប្រណិត និងប្រើម៉ាស៊ីនរ៉ៃបញ្ឈរនៅខណ្ឌសែនសុខ

ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើខ្លះមិនបញ្ចេញឈ្មោះក៏បានលើកឡើងផងដែរថា ម៉ាស៊ីនអារកាត់ប្រភេទតូចៗប្រើម៉ូទ័រនៅតាមដេប៉ូតែងតែមានមិនអត់ទេ សម្រាប់កាត់តម្រឹមតាមខ្នាត តាមម្រូវការរបស់អតិថិជន តែមិនត្រូវប្រើម៉ាស៊ីនរ៉ៃប្រភេទផ្ដេកឬបញ្ឈរធ្វើការអារពុះច្រៀកនោះទេ។  ហីបើយើងក្រឡេកមកមើលស្ថានភាពម៉ាស៊ីនបញ្ឈរនៅដេប៉ូខាងលើនេះវិញ រួមទាំងប្រភេទឈើខ្លះអត់មានទាំងឈ្មោះក្នុងបញ្ជីលិខិតអនុញ្ញាតផងទៀត។ បាទប្រសិនបើមានការបញ្ជាក់ពីអ្នកពាក់ព័ន្ធ 1Post នឹងធ្វើការ Update ព័ត៌មាននេះនៅវគ្គបន្ទាប់៕ តាពេជ្រ

ដេប៉ូលក់ឈើមួយកន្លែង មានឈើប្រណិត និងប្រើម៉ាស៊ីនរ៉ៃបញ្ឈរនៅខណ្ឌសែនសុខ