ករណីបើករថយន្តទំនើបចំនួន២គ្រឿង ដឹកសិប្បកម្មកែច្នៃអំពីឈើអត់ច្បាប់ ដោយក្នុងនោះរថយន្ត១គ្រឿងបានដឹកមឈូសពីខាងលើហើយឈើមួយចំនួននៅពីក្រោម ត្រូវបានកម្លាំងសមត្ថកិច្ចដែលចាំត្រួតពិនិត្យតាមគោលដៅឃាត់បានកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្នាក់ការសន្តិសុខអាវុធហត្ថ ព្រំប្រទល់ខេត្តព្រះវិហារ-កំពង់ធំ។
រថយន្តចំនួន២គ្រឿងនោះទី១រថយន្តម៉ាក Toyota Tundra ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AV-1271 ដឹកមឈូសពីលើនិងក្តារឈើអត់ច្បាប់នៅពីក្រោម និងទី២រថយន្តម៉ាក Toyota Tundra ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2BL-5981 ដឹកសិប្បកម្មកែច្នៃអត់ច្បាប់។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានបញ្ជាក់ថា គ្រប់សិប្បកម្មអត់ច្បាប់ មិនថានៅកន្លែងធ្វើសិប្បកម្ម ឬ ដឹកចេញតាមរថយន្តនោះទេ គឺខុសច្បាប់ទាំងស្រុងហើយបាត់ថវិកាចំណូលចូលរដ្ឋថែមទៀត ហេតុដូចនេះហើយគ្រប់សិប្បកម្ម និងដេប៉ូលក់គ្រឿងសង្ហារិម សិប្បកម្មឈើកែច្នៃត្រូវមានច្បាប់បង់ពន្ធចូលរដ្ឋ។ ចំពោះបងប្អូន ឬ អ្នកស៊ីឈ្នួលដឹកគ្រឿងសង្ហារិមសិប្បកម្មឈើកែច្នៃត្រូវសួររកច្បាប់ទម្លាប់ពីម្ចាស់អ្នកលក់ឱ្យបានត្រឹមត្រូវ ចៀសវាងនូវរបស់ខុសច្បាប់៕