“កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងកម្មវិធីមង្គលការ ព្រោះជារឿងខុសឆ្គង ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 7 មីនា 2025
“កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងកម្មវិធីមង្គលការ ព្រោះជារឿងខុសឆ្គង ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់

កិច្ចពិធីបូជាព្រះសិវលិង្គ ពុំមានភស្តុតាងណាមួយនៃប្រវត្តិសាស្ត្រ ដែលធ្វើជាកិច្ចក្នុងពិធីអាពាហ៍ពិពាហ៍នៅកម្ពុជាឡើយ នេះបើតាមការបញ្ជាក់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយក្រសួងអំពាវនាវដល់សាធារណជន ពិសេសលោកអាចារ្យដែលជាអ្នករៀបចំពិធីមង្គល និងម្ចាស់សំអាងការ កុំបន្តយកកិច្ចពិធីនេះមកប្រារព្ធក្នុងពិធីរៀបអាពាហ៍ពិពាហ៍បន្តទៀត ដើម្បីចៀសវាងការអនុវត្តខុស ប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។

“កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងកម្មវិធីមង្គលការ ព្រោះជារឿងខុសឆ្គង ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពន្យល់ថា ពិធីបូជាព្រះសិវលិង្គ ជាកិច្ចពិធីដ៏សំខាន់មួយសម្រាប់ព្រះមហាក្សត្រនាសម័យបុរាណ។ ជាទូទៅគេធ្វើនៅក្នុងតួប៉មនាចំណុចកណ្តាលនៃប្រាសាទដែលជាមណ្ឌលនៃទេព ឬនៅតាមទីតាំងផ្សេងទៀតដែលមានជំនឿលើ ព្រះឥសូរ ក្នុងបរិបទព្រហ្មញ្ញសាសនាព្រាហ្មណ៍ដែលមានឋានៈខ្ពង់ខ្ពស់ជាអ្នករៀបចំកិច្ចពិធីនេះ ដោយគេធ្វើក្នុងន័យគោរពបូជាថ្វាយព្រះសិវលិង្គដើម្បីភ្ជាប់ខ្លួនទៅនឹងទេព ជម្រះមន្ទិលប្រាថ្នាទទួលបាននូវថាមពល និងសេចក្តីចម្រើនពីព្រះឥសូរ។

“កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងកម្មវិធីមង្គលការ ព្រោះជារឿងខុសឆ្គង ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់

ដោយឡែកពិធីអាពាហ៍ពិពាហ៍ជាពិធីដ៏មង្គលមួយដែលរៀបចំផ្សំផ្គុំកូនប្រុសកូនស្រីឱ្យក្លាយជាគូស្វាមីភរិយា។ ពិធីនេះមានកិច្ចច្រើន ក្នុងនោះមានកិច្ចមួយចំនួនអាចទទួលឥទ្ធិពលពីព្រហ្មញ្ញសាសនា។ តួយ៉ាងដូចជាពិធីបង្វិលពពិលជាដើម ដែលគេយល់ថា ពពិលទំនងជានិមិត្តរូបនៃព្រះឥសូរ និងនាងឧមា។ អ្នកស្រុកភាគច្រើនយកទៀនតំណាងជាលិង្គព្រះឥសូរ និងយកស្លឹកម្លូ ឬសន្លឹកពពិលជាយោនីនាងឧមាដែលប្រារព្ធឡើងក្នុងគោលបំណងឱ្យគូស្វាមីភរិយាថ្មី កើតកាលវាលគុម្ពជាកូនជាចៅសុខចម្រើនតរៀងទៅ។ កិច្ចពិធីបូជាព្រះសិវលិង្គនេះពុំមានភស្តុតាងណាមួយនៃប្រវត្តិសាស្ត្រដែលធ្វើជាកិច្ចក្នុងពិធីអាពាហ៍ពិពាហ៍នៅក្នុងប្រទេសកម្ពុជា ហើយពិធីនេះមិននាំមកសិរីមង្គលដល់គូស្វាមីភរិយាថ្មីឡើយ៕

“កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងកម្មវិធីមង្គលការ ព្រោះជារឿងខុសឆ្គង ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់