
ករណីរត់ជាន់គ្នានៅក្នុងស្ថានីយរថភ្លើងមួយកន្លែងស្ថិតនៅក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា បណ្ដាលឱ្យអ្នកដំណើរចំនួន ១៨នាក់បានស្លាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន NDTV នៅក្នុងថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ជនរងគ្រោះទាំងអស់នោះរួមមានកុមារចំនួន ៥នាក់ ស្រ្តីអាយុ ៧០ឆ្នាំម្នាក់ និងក្រៅពីនេះគឺសុទ្ធតែជាក្រុមពលរដ្ឋពេញវ័យ ដែលមានអាយុចន្លោះពី ២៥ឆ្នាំ ដល់ ៤៧ឆ្នាំ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ មានអ្នរបួសចំនួន ១៥ផ្សេងទៀត ក្នុងនោះមានអ្នកដំណើរចំនួន ៣នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា កន្លែងកើតហេតុខាងលើនេះ ជាជើងរថភ្លើងមានទិសដៅធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Prayagraj ដែលជាកន្លែងកំពុងររៀបចំពិធីបុណ្យបែបសាសនាដ៏ធំមួយ ១២ឆ្នាំប្រារព្វឡើងម្ដង មានឈ្មោះថា ពិធីបុណ្យ Maha Kumbh “មុជទឹកលាងបាប”៕
