កំពត៖ ចៅក្រមសាលាដំបូងខេត្តកំពតលោក អាំង សុភា ត្រូវបានស្ត្រីម្នាក់បណ្តឹងក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៨៣២ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ប្តឹងទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សុំឱ្យមានការត្រួតពិនិត្យលើសំណុំរឿងនេះឡើងវិញ ។
ការដាក់ពាក្យប្តឹងនេះបានធ្វើឡើងបន្ទាប់ពីដើមបណ្តឹងយល់ឃើញថា ការអនុវត្តច្បាប់របស់លោកចៅក្រមរូបនេះ បានធ្វើឱ្យមានការបាត់បង់ផលប្រយោជន៍របស់ខ្លួន។
បើតាមការសង្ខេបខ្លឹមសារនៃការៀបរាប់របស់ម្ចាស់ដើមបណ្តឹងលោកស្រី ប៉ុល លក្ខិណាអាយុ២៩ឆ្នាំ រស់ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នៅក្នុងពាក្យបណ្តឹងដែលបានដាក់ចូលក្រសួងយុត្តិធម៌កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នោះសង្កត់ធ្ងន់ថា ភាពលំអៀងរបស់លោកចៅក្រម អាំង សុភា ដែលបានអះអាំងជំនួសជនត្រូវចោទ ដោះលែងជន ត្រូវចោទឱ្យនៅក្រៅឃុំខណៈដែលជនត្រូវចោទនេះបានគេចវេះមិនចូលឆ្លើយនៅតុលាការចំនួន០៤លើក និងមានដីកាបង្គាប់ឱ្យនាំខ្លួន ទើបសមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទមកតុលាការ និងជាពិសេសលោកចៅក្រមអាំង សុភា មានចេតនាបន្លំបំបាត់សាក្សីម្នាក់ ដែលនាំឱ្យប៉ះពាល់ និងខូចផលប្រយោជន៍របស់នាងខ្ញុំយ៉ាងខ្លាំង”។
ទាក់ទងនឹងបណ្ដឹងនេះលោក អាំង សុភាព ចៅក្រមនៃសាលាដំបូងខេត្តកំពត 1Post មិនទាន់អាចសុំការបញ្ជាក់បាននៅឡើយ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។
សូមរំលឹកថា ការប្ដឹងចៅក្រមលោក អាំង សុភា រូបនេះបានធ្វើឡើងម្ដងរួចហើយកាលពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១ ករណីការអះអាងជំនួសជនត្រូវចោទ និងដោះលែងជនឈ្មោះ ម៉ន សុខមានដែលបានឆបោកដោយក្លែងឋានៈជាវិស្វករសំណង់ បោកយកប្រាក់ថ្លៃម៉ៅការ សាងសង់ផ្ទះនូវប្រាក់ចំនួន៩៧,៩៥៩(ប្រាំបួនម៉ឺនប្រាំពីរពាន់ប្រាំបួនរយហាសិបប្រាំបួន)ដុល្លារអាមេរិក ដែលស្ត្រីដើមបណ្ដឹងថា ក្រសួងយុត្តិធម៌មិនទាន់មានចំណាត់ការណ៍អ្វីនៅឡើយ៕