អតីតឧកញ៉ា ស្រី ស៉ីណា ដែលបានបាញ់សម្លាប់មនុស្សចំនួន២នាក់ នឹងមិនអាចរួចខ្លួនជាដាច់ខាតពីសំណាញ់ច្បាប់ ហើយឃាតករនេះ នឹងស្នើបញ្ចូលឈ្មោះនៅក្នុងបញ្ជីឧក្រិដ្ឋជនដែលប្រព្រឹត្តអំពើសាហាវព្រៃផ្សៃ ដែលមិនអាចបន្ធូរបន្ថយទោសបានឡើយ។ នេះបើតាមលោក កើត រិទ្ធ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៤នេះ។
លោករដ្ឋមន្តីថា នៅចំពោះមុខក្នុងការអនុវត្តច្បាប់លើសំណុំរឿងឃាតកម្មដ៏សាហាវនេះ «ស្ថាប័នអនុវត្តច្បាប់ ត្រូវតែធ្វើការងារដោយម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា ឃាតករនឹងមិនអាចរួចខ្លួនពីសំណាញ់ច្បាប់បានជាដាច់ខាត ហើយក៏មិនមានវិធានការបន្ធូរបន្ថយទោសក្នុងទម្រង់ណាមួយក៏ដោយក្នុងករណីនេះ»។
បើតាមសាធារណៈមតិមួយចំនួនបានសម្ដែងការខឹងយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរនៅការប្រព្រឹត្តដ៏យុងខ្ននេះ រហូតចង់ឱ្យតុលាការដាក់ទោសមួយជីវិតចំពោះជនល្មើស។ ប៉ុន្តែមិនអាចធ្វើទៅបានឡើយព្រោះច្បាប់មិនបានចែងដូចនោះ។
ទោះជាយ៉ាងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ករណីនេះជា ២សំណុំរឿង ដោយសំណុំរឿងទី១ (ជនរងគ្រោះស្លាប់ពីរនាក់) ចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោសរហូតដល់១៥ឆ្នាំ។
សំណុំរឿងទី២ (ជនរងគ្រោះរបួសពីរនាក់) ចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទអាចប្រឈមនឹងការផ្តន្ទាទោសរហូតដល់ ១៥ឆ្នាំ។ ផ្អែកលើសំណុំទាំងពីរនេះ ទំនងជាអតីតឧកញ៉ា ស្រី ស៊ីណា អាចនឹងប្រឈមជាប់ទោសទណ្ឌប្រមាណ៣០ឆ្នាំ៕ រំចង់