កាលពីពេលថ្មីៗនេះក្រសួងយុត្តិធម៌ធ្វើសន្និសិទកាសែត ដើម្បីប្រកាសដាក់ឱ្យអនុវត្តនូវយុទ្ធនាការចំនួនពីរព្រមគ្នា គឺ «យុទ្ធនាការជំរុញ និងការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ» និង «យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ»។
យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការខាងលើ នឹងផ្តោតលើបញ្ហាសំខាន់ៗចំនួនពីរ ទី១ត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីផ្នែកអភិបាលកិច្ចនៅតាមសាលាជំនុំជម្រះ និងអង្គការអយ្យការអមសាលាជម្រះក្តីនានា និងទី២ ការពិនិត្យនិងដោះស្រាយភាពមិនប្រក្រតី នៅក្នុងចំណាត់ការសំណុំរឿង និងដំណាក់នៅក្នុងសម្រេចសេចក្តី របស់តុលាការ។
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា យុទ្ធនាការមួយនេះ នឹងក្លាយជាច្រកផ្លូវការមួយសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយអំពើអយុត្តិធម៌ពិតប្រាកដ រងគ្រោះដោយការរំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម ឬដោយសារមានភាពមិនប្រក្រតីនៅតាមតុលារការ អាចដាក់ពាក្យបណ្តឹងអំពីភាពមិនប្រក្រតី ក្នុងចំណាត់ការរបស់តុលាការ ដើម្បីឲ្យយន្តការទទួលបន្ទុកនេះជួយត្រួតពិនិត្យ និងដោះស្រាយរកយុត្តិធម៌ជូន។
ក្នុងនោះបើតាមប្រភពដំណឹង 1Post ទទួលបានឱ្យដឹងថា គណៈបញ្ជាការមួយនេះត្រៀមកញ្ចប់ថវិកាខ្ទង់លានដុល្លារអាមេរិកដើម្បីចំណាយក្នុងដំណើរការអនុវត្តន៍យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ។ ហើយគណៈបញ្ជាការមួយនេះមានសមាសភាពមកពីតាមបណ្ដាក្រសួង និងអង្គភាពជំនាញដែលពាក់ព័ន្ធជាច្រើន ក្នុងនោះក៏មានខាងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
គួររម្លឹកថា យុទ្ធនាការទាំង ២ ខាងលើ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតី ក្នុងការលើកកម្ពស់ "គោលការណ៍នីតិរដ្ឋ" និង "យុត្តិធម៌នៅក្នុងសង្គមជាតិ" ដែលត្រូវបានចាត់ទុកជាអាទិភាពនយោបាយដ៏សំខាន់មួយ ដែលត្រូវអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕