ទាហានម្នាក់សូមឱ្យថ្នាក់លើជាពិសេសសម្ដេចធិបតី ជួយរកយុត្តិធម៌ករណីបណ្ដេញចេញ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 4 តុលា 2023
ទាហានម្នាក់សូមឱ្យថ្នាក់លើជាពិសេសសម្ដេចធិបតី ជួយរកយុត្តិធម៌ករណីបណ្ដេញចេញ

លោក ស៉ិន វណ្ណា ជាមេបញ្ជាការរងកងអនុសេនាតូចទី២ ក្នុងកងអនុសេធំស៊ើបការកងពលតូចអន្តរាគមន៍លេខ៨ នៃកងពលធំអន្តរាគមន៍លេខ៨ ជំនាញពេទ្យសង្គ្រោះ កំពុងទទូចសុំសម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យជួយរកយុត្តិធម៌បន្ទាប់ពីមេរបស់ខ្លួនប្រើអំពើហឹង្សា មិនបើកប្រាក់ខែឱ្យ បណ្តេញចេញពីអង្គភាពដោយពុំសមហេតុផល។

បើតាមដំណឹងបឋមពីលោក ស៊ិន វណ្ណា បានរៀបរាប់ឱ្យដឹងថា ឈ្មោះ ផេង នឿន ជាមេបញ្ជាការកងអនុសេនាធំស៊ើបការ នៃកងពលតូចអន្តរាគមន៍លេខ៨ ទំនងជាបង្ខាំងប្រាក់ខែរបស់ខ្លួនចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ខណ:ដែលរូបគាត់នៅបំពេញការងារក្នុងបន្ទាយជាធម្មតា។ បន្ទាប់ពីមិនទទួលបានប្រាក់ខែជាច្រើនខែ រូបគាត់ក៏បានដាច់ចិត្តទៅសូរលោក ចាន់ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ តែលោក ច័ន្ទ សុខុន បែជារុញឱ្យទៅសួរលោក ជា ឈុន ជានាយសេនាធិការវិញ តែរូបគាត់មិនទៅសួរទេ ព្រោះមើលទៅគេហាក់ត្រូវដងត្រូវផ្លែគ្នា ទើបគាត់ទៅសួរលោក ផេង នឿន ជាមេរបស់ខ្លួនម្តងទៀត ក៏ត្រូវបានលោក ផេង នឿន ប្រើពាក្យមិនសមរម្យនិងនាំគ្នីគ្នាជាច្រើននាក់មកព្រួតវាយលើរាងកាយ ថែមទាំងឆែកឆេកាបូបរបស់គាត់ដកយកឯកសារផ្ទាល់ខ្លួនដោយបង្ខំ និងបណ្ដេញចេញមិនឱ្យចូលបន្ទាយ (សម្លេង)។ 

ទាហានម្នាក់សូមឱ្យថ្នាក់លើជាពិសេសសម្ដេចធិបតី ជួយរកយុត្តិធម៌ករណីបណ្ដេញចេញ

លោក ស៊ិន វណ្ណា បន្តឱ្យដឹងថា មុនពេលបណ្ដេញចេញនោះលោក ផេង នឿន និងគ្នីគ្នាផ្សេងទៀតក៏ធ្លាប់បានឃាត់លោកដកហូតម៉ូតូ និងឯកសារផ្សេងៗទុក ហើយបង្ខំឱ្យលោកផ្ដិតមេដៃទទួលកំហុសរឿងមិនពិតចំនួន២ដង ទើបលោកផ្ដិតឱ្យព្រោះតែចង់បានរបស់ដែលគេដកហូតមកវិញ។

ទាក់ទងករណីនេះបន្ទាប់លោក ស៊ិន វណ្ណា ឡាយវីដេអូលើបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួនបានចុះផ្សាយ ខាងកងពលតូចអន្តរាគមន៍លេខ៨ បានចេញលិខិតបដិសេធចំពោះការការផ្សាយនោះថា បំភ្លៃការពិត និងថែមទាំងបញ្ជាក់បដិសេធលើលោក ស៊ិន វណ្ណា ថាមិនមែនជាយោធិនក្នុងអង្គភាពផងទៀត។ ដែលនាំឱ្យគេកើតឆ្ងល់ថា លិខិតបដិសេធខាងលើហាក់ផ្ទុយពីការបកស្រាយរបស់មេៗអង្គភាព និងការអំណៈអំណាងរបស់លោក វណ្ណា។

ទាហានម្នាក់សូមឱ្យថ្នាក់លើជាពិសេសសម្ដេចធិបតី ជួយរកយុត្តិធម៌ករណីបណ្ដេញចេញ

ចំណែកលោក ផេង នឿន មេបញ្ជាការកងអនុសេនាធំស៊ើបការ នៃកងពលតូចអន្តរាគមន៍លេខ៨ បានឱ្យក្រុមការងារ 1Post ដឹងថា ការចោទប្រើអំពើហិង្សាគឺជារឿងភូទកុហក ដែលគ្មានភិនភាគ ស្លាកស្នាម នៃការប្រព្រឹត្តសាក្សី និងពេលវេលាច្បាស់លាស។ ចំពោះការមិនបើកប្រាក់ខែជូនក៏ជារឿងប្រឌិត (លោកគ្មានសិទ្ធកាត់ប្រាក់បៀវត្សចំពោះយោធិនរូបណាមួយឡើយ)។ ចំពោះការលុបក្របខ័ណ្ឌយោធិនចេញពីកងយោធពលខេមរៈភូមិន្ទវាមិនមែនជាសិទ្ធសម្រេចរបស់អង្គភាពទេ ពោលគឺលោកថាអ្វីដែលលោក ស៊ិន វណ្ណា លើកឡើងនោះសុទ្ធតែរឿងមិនពិត។

ទាហានម្នាក់សូមឱ្យថ្នាក់លើជាពិសេសសម្ដេចធិបតី ជួយរកយុត្តិធម៌ករណីបណ្ដេញចេញ

លោក នឿន បានបញ្ជាក់ទៀតថា កន្លងមកបុគ្គល ស៊ិន វណ្ណា ជាមនុស្សមានចរិតរឹងរូសមិនគោរពអនុវត្តតាមបទបញ្ជាផ្ទៃក្នុងអង្គភាព ក៏ដូចជាវិន័យរបស់កងយោធពលខេមរៈភូមិន្ទ  ដែលក្នុងរយៈកាលកន្លងមកអង្គភាពតែងធ្វើការអប់រំជាច្រើនលើកច្រើនសារតែមិនទទួលបានលទ្ធផលល្អ រហូតឈានទៅដល់ការអវត្តមាននិងបាត់មុខក្នុងវគ្គហ្វឹកហ្វឺនអស់រយៈពេលបីខែថែមទៀត គ្រាដែលចំណុចអវត្តមាននេះលោក ស៊ិន វណ្ណា ថាមានលិខិតអនុញ្ញាតច្បាប់ពីខាងកងពលទៅមើលជំងឺ (សម្លេង)។

ដោយឡែកឯការបញ្ជាក់របស់លោក ចាន់ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ឯណ្ណោះ ហាក់ផ្ទុយពីលិខិតបដិសេធរបស់អង្គភាពខ្លួនឯងទៅវិញ ដោយឱ្យ 1Post ដឹងយ៉ាងខ្លីថា ដោយសារអ្នកនឹងគេកែលែងស្ដាប់ ជក់ថ្នាំញៀនមិនចូលកន្លែងធ្វើការ  (សម្លេង)។

ទាហានម្នាក់សូមឱ្យថ្នាក់លើជាពិសេសសម្ដេចធិបតី ជួយរកយុត្តិធម៌ករណីបណ្ដេញចេញ

សូមបញ្ជាក់ថា  ការបណ្ដេញ ឬ ដកចេញយោធិនចេញពីអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ មិនមែនតែលោក ស៊ិន វណ្ណា ម្នាក់ទេ គឺមានច្រើននាក់ទៀត ដែលពួកគេបានខ្សឹបខ្សៀវមកថា ហាក់ដូចជាធ្វើឡើងពុំត្រូវនឹងអង្គហេតុពិត និងនីតិវិធីឱ្យបានត្រឹមត្រូវ អ្នកខ្លះបានត្រឹមរអ៊ូរទាំមិនហ៊ានចេញមុខដូចលោក ស៊ិន វណ្ណា។ ហេតុដូចនេះហើយពួកគាត់ចង់ឱ្យថ្នាក់លើចាត់វិធានការចុះស្រាវជ្រាវ រកការពិតឱ្យមានតម្លាភាព និងភាពត្រឹមត្រូវលើករណីបញ្ឈប់ ឬ បណ្ដេញយោធិនចេញពីអង្គភាព ដើម្បីឱ្យពួកគាត់អស់ចិត្ត អស់ឆ្ងល់។

នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនងសុំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ SP