កាលថ្ងៃទី ០៣ មករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងធនាគារជាតិនៃកម្ពុជា រួមទាំងវិស័យអចលនទ្រព្យ និងភាគីធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ បានជួបជុំពិភាក្សាគ្នាដើម្បីសម្របសម្រួលជាមួយភាគីពាក់ព័ន្ធឱ្យអតិថិជនដែលបានខ្ចីពីម្ចាស់បុរី ក្នុងអាត្រាការប្រាក់ខ្ពស់ អាចផ្ទេរបំណុលនទៅគ្រឹះស្ថានធនាគារវិញក្នុងអាត្រាការប្រាក់ទាបជាង។
ក្នុងកិច្ចប្រជុំនោះលោកស្រី ជា សេរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ក្នុងន័យនេះធនាគារនឹងសងលុយទៅម្ចាស់បុរីជំនួសអតិថិជន ប៉ុន្តែអតិថិជននៅតែបន្តសងបំណុលទទឱ្យធនាគារវិញក្នុងលក្ខខណ្ឌធូរស្រាលជាងមុន។ កិច្ចសម្របសម្រួលនេះនឹងជួយម្ចាស់បុរីដែលជាប់គាំងទុនបង្វិល បានលុយដុំមកវិញដើម្បីបន្តការអភិវឌ្ឍរបស់ពួកគាត់ ហើយក៏នឹងជួយអតិថិជនឲ្យទទួលបានឥណទានផ្ទះពីគ្រឹះស្ថានធនាគារ ដែលជាទូទៅមានការប្រាក់ទាបជាង និងមានរយៈពេលយូរជាងរហូតដល់ ២៥ឆ្នាំ ឬ ៣០ឆ្នាំ។
សូមរម្លឹកថា កិច្ចប្រជុំខាងលើដឹកនាំដោយ លោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកស្រី ជា សេរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងដៃគូរឯកជនជាច្រើនទៀតផងដែរ៕