កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ គ្រាដែលបានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន១៨០៥៧នាក់ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់បុរីទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវការរឹបអូសផ្ទះពីអតិថិជនបង់រំលស់ប្រាក់យឺតយ៉ាវ។
ប៉ុន្តែស្នើឲ្យស្ថាប័នហិរញ្ញវត្ថុ និងម្ចាស់អភិវឌ្ឍសូមមានការយោគយល់ និងគួរមានលក្ខខណ្ឌបន្ធូរបន្ថយខ្លះនៅក្នុងកាលៈទេសៈសេដ្ឋកិច្ចមានភាពលំបាក ដោយការបន្ថយការបង់បណ្ដោះអាសន្ននូវកម្រិតសមស្របណាមួយ ឧទាហរណ៍ប្រសិនបើត្រូវបង់ ៥០០ដុល្លារ គួរបន្ថយមកត្រឹម ៣០០ដុល្លារអាមេរិកក្នុង ១ខែ។ សម្ដេចនាយករដ្ឋមន្ត្រី ស្នើឲ្យមានការស្រាវជ្រាវបន្ទាន់នូវតួលេខពិតប្រាកដថា ផ្ទះប្រជាពលរដ្ឋប៉ុន្មានត្រូវរឹបអូសបុរីណាខ្លះបានរឹបអូសផ្ទះប្រជាពលរដ្ឋ។
សម្ដេចតេជោ ក៏បានលើកឡើងផងដែរអំពីផ្ទះដែលត្រូវបានរឹបអូសរួចហើយថា ក្នុងករណីនេះសម្ដេចស្នើឲ្យមានការផ្ដល់ សំណងខ្លះមកផ្ទះលំនៅដ្ឋានក្នុងករណីដែលពួកគេបានបង់យូរឆ្នាំ ឬមានទំហំទឹកប្រាក់ច្រើនទៅហើយនោះ។
“ហើយផ្ទះដែលរឹបអូសហើយហ្នឹងនោះ អីចឹងថៅកែពិនិត្យមើលអាចឲ្យត្រឡប់ទៅវិញខ្លះទេ? ព្រោះអាហ្នឹងយកលុយប្រាក់គេមកទទេតែម្ដង អាហ្នឹងវាដូចជាហួសហេតុពេកហើយ ហួសហេតុពេកហើយ!”។
ក្នុងនោះសម្ដេច ក៏បានណែនាំដល់លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាសហការគ្នារៀបចំឡើងវិញនូវនីតិវិធីសម្រាប់ការឥណទានបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាអាចឱ្យពលរដ្ឋអាចបន្តបង់រំលស់ផ្ទះទៀតបាន។
សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ននេះធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយមួយចំនួនក៏កំពុងរៀបចំឡើងវិញលើគណនេយ្យបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋរាប់សែនគណនេយ្យ ដើម្បីពិនិត្យមើលលើនីតិវិធី ឬ អូសបន្លាយរយៈពេលសម្រាប់ការបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យជំនួយការផ្ទាល់របស់សម្ដេចត្រូវរៀបចំបញ្ជីពោះបុរីណាដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋបង់ប្រាក់យឺតយ៉ាវនាពេលកន្លងទៅដើម្បីអាចស្វែងរកដំណោះស្រាយលើបញ្ហាជូនប្រជាពលរដ្ឋបាន៕