លោក តាន់ គឹមសួរ ដែលគេស្គាល់ថា ជាសកម្មជនព្រៃឈើ បានទទួលការឧបត្ថម្ភដ្រូន DJI Mavic 3T មួយគ្រឿងតម្លៃ ៥,៩០០ ដុល្លារ ពីអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំអេចប្រេស កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។
លោក តាន់ គឹមសួរ ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ បានបង្ហោះសារលើហ្វេសបុកផេកខ្លួនថា នេះគឺជាមហាកិត្តិយស និងសំណាងមួយដែលខ្ញុំមាន ឱកាស បានជួបសំណេះសំណាលជាមួយអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈប៊ុនថាំ Vireak Buntham Express Travel & Logistic និងទទួលបាននូវអនុសាសន៍ណែនាំល្អៗជាច្រើន។ ពិតជាមានសេចក្ដីរំភើបចិត្តយ៉ាងខ្លាំងដែលទទួលបានការឱ្យតម្លៃផ្ដល់នូវទំនុកចិត្ត និងបានរួមចំណែកជាមួយគ្នាដោយឧបត្ថម្ភនូវដ្រូន DJI Mavic 3T ដែលមានតម្លៃរហូតទៅដល់ ៥,៩០០ ដុល្លារ។ ដ្រូនមួយនេះគឺនឹងអាចជួយសម្រួលដល់កិច្ចការក្រុមការងារ របស់លោកជាច្រើន។
លោក តាន់ គឹមសួរ បន្តថា ដ្រូននេះ លោក នឹងយកទៅប្រើប្រាស់ឱ្យ ក្លាយទៅជា ប្រយោជន៍ ក្នុងការថែរក្សានូវសម្បត្តិធនធានធម្មជាតិគ្រប់ទីកន្លែងដែលត្រូវការតែម្ដង។ លោកសូមជូនពរ អ្នកឧកញ៉ា និងក្រុមគ្រួសារក្រុមហ៊ុនវិរៈប៊ុនថាំទាំងអស់គ្នាឱ្យជួបតែសេចក្ដីសុខ សេចក្ដីចម្រើន ជាពិសេសគឺ ទទួល បាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចទាំងអស់។
សូមរម្លឹកថា អ្នកឧកញ៉ា សួរ វីរៈ តែងតែដឹកនាំគ្រួសារក្រុមហ៊ុនវីរៈប៊ុនថាំ ធ្វើសកម្មភាពសប្បុរសជាច្រើនដូចជាចូលរួមបរិច្ចាកឈាម បរិច្ចាកថវិកាដល់មន្ទីរពេទ្យ សាងសង់ផ្លូវជូនសហគមន៍ សាងសង់រេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យអប់រំ និងការឧបត្ថម្ភដ្រូនដើម្បីគាំទ្រលើកទឹកចិត្តដល់ការងារការពារធនធានធម្មជាតិជាដើម៕