ក្រោយបែកធ្លាយព័តមានជាឱឡារឹកសង្ស័យបុគ្គលឈ្មោះ សុកាន នៅពីក្រោយនៃការកាប់ទន្ទ្រានព្រៃកោងកាងលិចទឹកយកដីនៅចំណុចកៀនអង្គុញ ក្នុងភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង គេឃើញវត្ថមានអាជ្ញាធរស្រុក ប្រធានសហគមន៍ និងមន្ត្រីជំនាញចុះដល់ទីតាំងនោះ ដោយរកឃើញមានការបំពានប្រាកដមែនលើដីព្រៃឧទ្យានជាតិបូទុមសាគរ ក្នុងទំហំជាងមួយហិកតា។
ទាក់ទងបញ្ហាខាងលើនេះលោក សុកាន បានលើកឡើងតាមបណ្ដាញផ្សព្វផ្សាយមួយចំនួនថា ជាដីទិញពីស្ត្រីអ្នកភូមិម្នាក់យូរមកហើយ ទើបតែពេលចុងក្រោយនេះលោកបានឈូសឆាយកាយចង្អូរដាំដូង ដោយមិនបានទន្ទ្រានដីព្រៃលិចទឹកនោះទេ។ រីឯស្ត្រីដែលអះអាងលក់ឱ្យលោក ខៀវ សុកាន បានលើកថា ខ្លួនបានកាន់កាប់អាស្រ័យផលធ្វើស្រែតាំងពីឆ្នាំ១៩៧៩ លុះក្រោយមកទុកចោលមិនធ្វើអ្វីក៏ព្រៃដុះនៅលើដីនោះ ពោលគឺមិនបានទន្រ្ទានយកដីព្រៃសហគម៍ ឬ ដីបរិស្ថានទេ។ សម្លេង
បើតាមលោក អៀង អាង មេភូមិចំការលើ បានលើកឡើងថា ឈ្មោះ កាន បទល្មើសច្រើនណាស់ច្រើនជាងគេ និងពិបាក់និយាយគ្នាណាស់ មិនដឹងជាអាងអ្វីទេ។ សម្លេង
លោក តេង ហាន់ ប្រធានសហគមន៌ បានឱ្យដឹងថា ដីដែលលោក ខៀវ សុកាន ធ្វើសកម្មភាពនោះបើតាមជំនាញវាស់វែងគឺមានចំនួន ១៨០០ការ៉េ ស្មើជាង ១ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបូទុមសាគរ។ សម្លេង
នាយខណ្ឌរដ្ឋបាលជលផលកោះកុង លោក សេង ប៊ុណ្ណា បានឱ្យដឹងថា ក្រោយចុះពិនិត្យការបំពានខាងលើអាជ្ញាធរស្រុក និងជំនាញបរិស្ថានបានធ្វើកំណត់ហេតុចោទប្រកាន់ និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត។ សម្លេង
លោក ហ៊ុន ម៉រ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឱ្យដឹងថា ខាងមន្ត្រីឧទ្យានបានបញ្ជូនរបាយការណ៍មកដល់មន្ទីរហើយ និងកំពុងបន្តការងារតាមនីតិវិធី។ សម្លេង
ដោយឡែកបើតាមប្រភពដំណឹង 1Post ទទួលបាននៅក្បែរដីដែលកាប់រាននេះ មានដីដាំកៅស៊ូជាច្រើនហិកតាមួយចំនួនក៏មានភាពមិនប្រកតីផងដែរ។
សូមរម្លឹកថា បើតាមច្បាប់បានចែងថា អ្នកដែលកាប់រានព្រៃលិចទឹក និងព្រៃកោងកាង ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ទៅ១០ឆ្នាំ។ នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនង និងរង់ចាំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ តាពេជ្រ