ប្រជាកសិករនៅស្រុកមង្គលបុរី បានឱ្យដឹងថា នៅស្រុកមង្គលបុរី នៅឃុំអូរប្រាសាទ និងឃុំរហាត់ទឹក សត្វមមាចត្នោត កំពុងបំផ្លាញស្រូវប្រជាកសិករ មានស្រូវស្រាល ប្រភេទស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ែ ប្រភេទ៥១ និង៥៤ ស្រូវស្រងែ ខណៈស្រូវចេញ និងជិតទំ ងាប់ខូច និងស្រូវកណ្តាល ប្រភេទស្រូវនាងខុន ដែលកំពុងរងការខូចខាតជាបណ្តើរៗហើយ។
ចំណែកស្រុកភ្នំស្រុក បានឱ្យដឹងដែរថា នៅស្រុកភ្នំស្រុក មានរុយស បានបំផ្លាញស្រូវដូចគ្នា មានប្រភេទស្រូវស្រាល និងស្រូវកណ្តាលផងដែរ។
ទាក់ទងបញ្ហានេះលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សត្វ ល្អិត បំផ្លាញស្រូវនៅស្រុកមង្គលបុរី ជាប្រភេទសត្វល្អិតមមាចត្នោត និងស្រុកភ្នំស្រុក សត្វល្អិតរុយស ហើយលោកបានដឹកនាំមន្ត្រីជំនាញចុះទៅពិនិត្យណែនាំឱ្យ ប្រជាកសិករប្រើប្រាស់ថ្នាំគីមីបាញ់សម្លាប់ ព្រោះសត្វល្អិតប្រភេទរុយស និងមមាចត្នោត ជាប្រភេទសត្វល្អិតជញ្ជក់ដើមស្រូវយកជាតិ រយៈពេល ២ទៅ ៣ថ្ងៃ ស្រូវនឹងងាប់ ទើបខាងមន្ត្រីជំនាញចុះណែនាំដល់ប្រជាកសិក ឲ្យចេះប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត ដើម្បីទប់ស្កាត់ឱ្យទាន់ពេលវេលា៕