ធនាគារពិភពលោកនៅថ្ងៃនេះបានអនុម័តការវិនិយោគថ្មីមួយទៀត សម្រាប់គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា ដែលគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១១៣ ០០០នាក់។
ក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក “គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា” (Cambodia Water Security Improvement Project) នឹងធ្វើឱ្យសន្តិសុខទឹកកាន់តែមានភាពប្រសើរឡើង ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅ នឹងហានិភ័យអាកាសធាតុ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជាមានប្រសាសន៍ថា “គម្រោង នេះ នឹង ជួយប្រទេសកម្ពុជាឱ្យ មានសន្តិសុខទឹកប្រកបដោយចីរភាព និងសម្រេ បាន ផលិតភាពកសិកម្មកាន់តែច្រើន”។ លោកស្រីមានប្រសាសន៍បន្ថែមថា៖”ការវិនិយោគនៅពេលនេះទៅលើភាពធន់ទៅនឹងអាកាស ធាតុ ការធ្វើផែនការ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរឡើងមិនត្រឹមតែអាចឆ្លើយតបបានភ្លាមៗទៅនឹងតម្រូវការទឹករបស់កសិករ និងគ្រួសារកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការផ្តល់សេវាទឹករយៈពេលវែងផងដែរ”។
ទោះបីជាប្រទេសកម្ពុជាមានប្រភពទឹកច្រើនក៏ដោយភាពខុសគ្នានៃការធ្លាក់ភ្លៀងតាមរដូវ និងតាមតំបន់នៅក្នុងប្រទេសបានបង្កបញ្ហាប្រឈមជាច្រើនដល់ការផ្គត់ផ្គង់ទឹកនៅក្នុងទីក្រុង និងនៅតាមទីជនបទ។ ព្យាករណ៍អាកាសធាតុបានឱ្យដឹងថា ទឹកជំនន់ និងភាពគ្រោះរាំងស្ងួត នឹងមាន កាន់តែញឹកញាប់ និងសភាពកាន់តែធ្ងន់ធ្ងរ ដែលដាក់សម្ពាធកាន់តែខ្លាំងទៅលើសមត្ថភាពរបស់ប្រទេសក្នុងការគ្រប់គ្រងធនធានទឹកសាបរបស់ខ្លួន។ បញ្ហានេះនឹងជះឥទ្ធិពលទៅលើផលិតកម្មស្បៀង និងកំណើនសេដ្ឋកិច្ច។
គម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេលប្រាំឆ្នាំ ដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គម្រោងនឹងពង្រឹងការគ្រប់គ្រងធនធានទឹក តាមរយៈការពង្រីកស្ថានីយជលសាស្ត្រ, ការ ធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងបទប្បញ្ញត្តិ, ការរៀបចំផែនការគ្រប់គ្រងអាងទន្លេដែលមានព័ត៌មានអំពី អាកាសធាតុ និងការ ពង្រឹង ការបំពេញមុខងាររបស់អាជ្ញាធរទឹកថ្នាក់ជាតិ និងថ្នាក់ខេត្ត។
ប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់គ្រួសារ និងប្រព័ន្ធធារាសាស្រ្ត នឹងត្រូវបានស្តារឡើងវិញ និងកែលម្អឱ្យប្រសើរឡើងហើយសហគមន៍កសិករ អ្នកប្រើប្រាស់ទឹកនឹងទទួលបានការបណ្តុះបណ្តាល និងជំនួយបច្ចេកទេសតាម រយៈគម្រោងសម្រាប់ធ្វើប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានកែលម្អឡើងវិញ។ តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ជាតិ និងថ្នាក់ ខេត្ត វិធានការនានានឹងត្រូវធ្វើឡើងដើម្បីជួយកសិករឱ្យចេះចាប់យកបច្ចេកវិទ្យាឆ្លាតវៃអាកាសធាតុសម្រាប់បង្កើនផលិតភាព និងកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងវិស័យ កសិកម្ម៕ World Bank