របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា រយៈពេល៥ខែក្នុងឆ្នាំ២០២៤ នេះ ចំណូលបានមកពីការការនាំចេញអង្ករ និងស្រូវរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង៩៣០លានដុល្លារ ក្នុងនោះទំហំទឹកប្រាក់នៃការនាំចេញស្រូវមានច្រើនជាងការនាំចេញអង្ករដល់ទៅជាង៣ដង។
ចំណូលនាំចេញអង្ករបានជាង២០០លានដុល្លារ រីឯការនាំចេញស្រូវចេញបានជាង៧០០លានដុល្លារ គឺមានការកើនឡើងបើធៀបនឹងឆ្នាំមុន ទាំងទៅកាន់ទីផ្សារអឺរ៉ុប ចិន និងទីផ្សារក្នុងតំបន់។
សូមបញ្ជាក់ថា ប្រទេសអឺរ៉ុបចំនួន២៦ បានទិញអង្ករពីកម្ពុជា ក្នុងបរិមាណជាង១៣ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួនជាង១០៤លានដុល្លារ បន្ទាប់មកគឺប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តដែលបានទិញអង្ករពីកម្ពុជា ជាង៧ម៉ឺន៣ពាន់តោន ដែលគិតជាទឹកប្រាក់មានចំនួនជាង៤៦លានដុល្លារ និង៧ប្រទេសក្នុងតំបន់អាស៊ានទិញអង្ករពីកម្ពុជាចំនួនជាង៦ម៉ឺន៥ពាន់តោន ក្នុងទំហំទឹកប្រាក់ជាង៤៦លានដុល្លារ និងទៅកាន់បណ្ដាប្រទេសចំនួន២៧ផងទៀត៕