នាយកដ្ឋានរដ្ឋបាលផែនការគណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមេសា ដើមឆ្នាំ២០២៤ ពោលគឺរយៈពេល ៤ ខែនេះការនាំចេញគ្រាប់ស្វាយចន្ទីពីកម្ពុជាទៅក្រៅប្រទេសបានចំនួនជិត ៥០ម៉ឺនតោន (៤៩៤ ០០៨) មានការកើនឡើងទ្វេដង បើប្រៀបធៀបរយៈពេល ដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួន ២៨៥ ៣២២តោន។
បើយោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា នៅក្នុងរយៈពេល៣ខែ ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅជាង ៤០ម៉ឺនតោន (៤៧៤ ០០០) ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៤២៤ ០០០តោន គិតជាទឹកប្រាក់ ៥៤៣លានដុល្លារកើនឡើង ១៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារ អន្តជាតិចំនួន ៦៥ម៉ឺន ៦ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ២០២២។
សូមបញ្ជាក់ថា នៅដើមឆ្នាំ២០២៤នេះតម្លៃគ្រាប់ស្វាយចន្ទីសើមបានហក់ឡើងដល់ជាង ៥ ០០០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃខ្ពស់ជាងគេនៅក្នុងរយៈពេល ១៥ឆ្នាំ រីឯគ្រាប់ស្ងួតមានតម្លៃ ១ ៥០០ដុល្លារក្នុង១តោន៕