មួយរយៈចុងក្រោយនេះគេសង្កេតឃើញការចាក់ដីបំពេញលើផ្ទៃអាងស្តុកទឹកសំរោងបាក់ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កើតឡើងកាន់តែច្រើនពីសំណាក់ពលរដ្ឋមួយចំនួនដែលមានលទ្ធភាពអាចធ្វើបាន គ្រាដែលចំណាត់ការទប់ស្កាត់ហាក់ពុំមានប្រសិទ្ធ ព្រោះអ្នកចាក់ហើយមិនបានកាយចេញទេ មានតែធ្វើសំណង់បន្ថែម។
អាងស្តុកទឹកធម្មជាតិនេះ អ្នកស្រុកហៅថា ទំនប់សំរោងបាក់ ដែលលាតសន្ធឹងជាង ៣០ហិកតាជាប់ភូមិប្រជាពលរដ្ឋ និងចំណីផ្លូវជាតិលេខ៤ ដែលមានពលរដ្ឋខ្លះកំពុងរស់នៅអាស្រ័យផលលើចំណីផ្លូវជាប់នឹងចំណីអាងស្តុកទឹកតែម្ដង។
ទាក់ទងសកម្មភាពនេះលោក អ៊ុំ វុទ្ធី ប្រធានការិយាល័យសុរិយោដី ស្រុកភ្នំស្រួច បានឱ្យដឹងថាកន្លងទៅអាជ្ញាធរបានចុះទប់ស្កាត់ដែរ ចំពោះទំហំអាងប៉ុន្មានហិកតានោះលោកពុំដឹងទេ ព្រោះស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្ត។
ចំណែកលោក ញ៉ាញ់ ជៀបហ័ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ មិនទាន់មានការបញ្ជាក់ទេ ដោយលោកលើកឡើងថា បើចង់ដឹងអាចមកជួបនៅមន្ទីរផ្ទាល់ ដោយខលប្រាប់មុនមក ភាគច្រើនថ្ងៃចន្ទ័លោកនៅកន្លែង។
សូមរម្លឹកថា អាងស្តុកទឹកសំរោងបាក់ ដើរតួនាទីយ៉ាងសំខាន់ដល់ពលរដ្ឋអាស្រ័យផលដំណាំផ្សេងៗ និងជាប្រភពទឹកប្រើប្រាស់ដល់បណ្ដាភូមិចំនួន ១១ មានដូចជា ១.ភូមិល្ហុង ២.ក្រាំងចចាត ៣.ផុក៤.ក្រាំងថ្នល់ ៥.ក្រាំងដូង ៦.ត្រពាំងក្រឡាញ់ ៧.សំរោងបាក់ ៨.អន្លុងថ្លឹង ៩.ក្រឡាញ់ ១០.ក្រាំងខ្វាវ ១១.ត្រពាំងក្រឡឹង ស្ថិតនៅឃុំចំនួន២ គឺឃុំមហាសាំង និងឃុំគីរីវន្ត័ ក្នុងស្រុភ្នំស្រួច ខេត្តកំពង់ស្ពឺ៕ តាពេជ្រ