
អធិការរងស្រុកគិរីសាគរលោក វរសេនីយ៍ទោ ហ៊ុម សារឺន ផឹកស៊ីបាញ់បោះសេរីនៅក្នុងហាងរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៧ ខែសីហាឆ្នាំ២០២៤ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ប្រភពដំណឹងបានឱ្យដឹងថា គេបានឃើញលោក វរសេនីយ៍ទោ ហ៊ុម សារឺន អង្គុយផឹកសុីជុំគ្នាជាមួយអ្នកផ្សេងទៀត តែមិនដឹងជាមានរឿងអ្វីស្រាប់តែលោក ហ៊ុម សារឺន ដកកាំភ្លើងម៉ាកឡុកបាញ់ឡើងទៅលើចំនួន៤គ្រាប់ ហើយដើរច្រង៉េងច្រង៉ាង ពេញហាង បង្កការភ្ញាក់ផ្អើលអ្នកភូមិ។

ទាក់ទងករណីនេះ 1post មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីលោក វរសេនីយ៍ទោ ហ៊ុម សារឺន បាននៅឡើយ។ ចំណែកលោកវរសេនីយ៍ឯក ព្រហ្ម វណ្ណី អធិការនគរបាលស្រុកគិរីសាគរ បានឱ្យដឹងថា ពាក់ព័ន្ធរឿងបាញ់បោះរបស់លោកវរសេនីយ៍ទោ ហ៊ុម សារឺន ត្រូវបានបញ្ជូនទៅខេត្តហើយ។ តែលោកមិនបញ្ជាក់លម្អិតជាងនេះទេ។

ចំណែក អ្នកនាំពាក្យស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកោះកុង បានឱ្យដឹងថា តាមការឆ្លើយបំភ្លឺរបស់លោកវរសេនីយ៍ទោ ហ៊ុម សារឺន អធិការរងស្រុកគីរីសាគរ បានសារភាពថាគាត់បាញ់ចំនួន៤គ្រាប់ ខណៈពេលដែលហូបស្រារស្រវឹងបាត់បង់ស្មារតី ហើយអត់បានទំនាស់គ្នាជាមួយអ្នកហូបចុកជាមួយទេ។ ការហូបចុកនោះក្រោយចប់បេសកម្ម ចំថ្ងៃខួបកំណើតរបស់គាត់ទៀត ដោយដោះឯកសណ្ឋានចេញហើយហូបចុកជាមួយបងប្អូន។

ប្រភពបានឱ្យដឹងទៀតថា ស្នងការដ្ឋាននគរបាលខេត្ត បានធ្វើរបាយការណ៍ជូនទៅថ្នាក់ដឹកនាំ ដើម្បីសុំគោលការណ៍ ដោយបានរៀបចំក្រុមការងាររបស់ស្នងការដ្ឋានចុះទៅស្រាវជ្រាវបន្តទៀត៕