ក្រុមតៃកុងឡាន បណ្ដាក់គ្នាដូចខ្យងដើរលូកហោប៉ៅសម្ដៅចូលទៅក្នុងបន្ទប់ជួបមន្ត្រីស្ថានីយជញ្ជីងកណ្ដោដុំ ក្រុងច្បារមន

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 3 មេសា 2024
ក្រុមតៃកុងឡាន បណ្ដាក់គ្នាដូចខ្យងដើរលូកហោប៉ៅសម្ដៅចូលទៅក្នុងបន្ទប់ជួបមន្ត្រីស្ថានីយជញ្ជីងកណ្ដោដុំ ក្រុងច្បារមន

ជារៀងរាល់ថ្ងៃគេតែងតែឃើញសកម្មភាពក្រុមតៃកុង ឬក៏ប្រូឡាន ដឹកទំនិញ ដឹកថ្ម ដឹកខ្សាច់មុខសញ្ញាដដែលៗតែងតែបង្អង់ឡានហើយចុះដើរលូកហោប៉ៅសម្ដៅចូលទៅក្នុងអាគារធ្វើការរបស់មន្ត្រីជញ្ជីងមុននឹងឡើងថ្លឹង  គ្រាដែលឡានខ្លះទៀតឡើងថ្លឹងរួចហើយបើកទៅអែបកៀនទើបចុះដើរលូកហោប៉ៅសម្ដៅទៅជួបមន្ត្រីស្ថានីយជញ្ជីងកណ្ដោដុំ  ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងព្រះ សង្កាត់កណ្ដោដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្រុមតៃកុងឡាន បណ្ដាក់គ្នាដូចខ្យងដើរលូកហោប៉ៅសម្ដៅចូលទៅក្នុងបន្ទប់ជួបមន្ត្រីស្ថានីយជញ្ជីងកណ្ដោដុំ ក្រុងច្បារមន

ទាក់ទងសកម្មភាពនេះលោក សោម សុធា អនុប្រធានមន្ទីរសាធារណៈការ ខេេត្តកំពង់ស្ពឺ និងជាប្រធានស្ថានីយជញ្ជីងថ្លឹងទម្ងន់កណ្ដោដុំ ក្រុងច្បារមន បានឱ្យដឹងថា ជាលក្ខណៈបច្ចេកទេស រាល់ឡានដឹកទំនិញចាប់ពីភ្លៅ២ (១៦តោន) ឡើង ដែលច្បាប់កំណត់ត្រូវតែចូលថ្លឹងត្រួតពិនិត្យនៅតាមស្ថានីយជញ្ជីង លើកលែងឡានទទេ។ ហើយបើសិនឡានដឹកត្រឹមត្រូវតាមច្បាប់កំណត់ គឺអនុញ្ញាតឱ្យបន្តដំណើរធម្មតា។ បើសិនឡាននោះដឹកលើស ត្រឹមកម្រិតអនុគ្រោះ ក្រុមការងារស្ថានីយត្រូវតែឃាត់ហើយធ្វើការណែនាំ និងធ្វើកិច្ចសន្យា ជៀសវាងការធ្វេសប្រហែសនាំឱ្យលើសដល់កម្រិតពិន័យ ដែលនាំឱ្យខាតថវិកា និងពេលវេលារបស់អ្នកដឹកជញ្ជូន តែបើសិនអ្នកដឹកជញ្ជូននៅតែធ្វើឱ្យធ្វេសប្រហែសដឹកលើសដល់កម្រិតពិន័យ ក្រុមការងារនឹងពិន័យទៅតាមច្បាប់ និងមានវិក័យបត្រដែលចេញដោយក្រសួងហិរញ្ញវត្ថុជូនដល់អ្នកត្រូវពិន័យជានិច្ច។

ដោយឡែកតាមវីឌីអូដែល 1Post ទទួលបានបង្ហាញថា សកម្មភាពការលូកហោប៉ៅដើរចូលបន្ទប់មន្ត្រីជញ្ជីងនោះគឺរហ័សរហួនចូលហើយចេញភ្លាមៗ នាំឱ្យកើតឆ្ងល់ថា រយៈពេលនៃការណែនាំ និងធ្វើកិច្ចសន្យាផងម្ដេចក៏លឿនយ៉ាងនេះ។ គ្រាដែលសំណួរសួរថា លើសត្រឹមកម្រិតអនុគ្រោះក៏ត្រូវបង់ប្រាក់ លើសកម្រិតកំណត់ត្រូវពិន័យក៏អស់ប្រាក់លោកប្រធានមិនទាន់បញ្ជាក់នៅឡើយ។

ក្រុមតៃកុងឡាន បណ្ដាក់គ្នាដូចខ្យងដើរលូកហោប៉ៅសម្ដៅចូលទៅក្នុងបន្ទប់ជួបមន្ត្រីស្ថានីយជញ្ជីងកណ្ដោដុំ ក្រុងច្បារមន

ក្នុងនោះក៏មាននៅការកើតឆ្ងល់ផងដែរថា តើការដឹកជញ្ជូនល្មើសបច្ចេកទេស ដូចជាផ្ទុកទំនិញ ឬ ថ្ម ខ្សាច់សើម លើសហួសទ្រុងលើសពីច្បាប់កំណត់ គ្របមិនបានត្រឹមត្រូវ ជាតួនាទីរបស់មន្ត្រីនៅស្ថានីយជញ្ជីងដែរឬទេ បានជាក្រុមដឹកទាំងនោះបន្តដំណើរទៅមុខបាន?។

សូមរំលឹកផងដែរថា អន្តរក្រសួងដែលពាក់ព័ន្ធនាពេលកន្លងទៅ បានចេញសារាចរណ៍ណែនាំកំណត់ថា ការដឹកជញ្ជូនដី ខ្សាច់ ថ្មគ្រប់ប្រភេទត្រូវតែស្ងួតមិនលើសទ្រុង មិនលើសទម្ងន់ គ្របឱ្យជិតត្រឹមត្រូវ មិនត្រូវធ្វើឱ្យដី ថ្ម ខ្សាច់ ធ្លាក់លើផ្លូវ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន សណ្ដាប់ធ្នាប់ ដោយត្រូវគោរពបទដ្ឋានបច្ចេកទេសដែលកំណត់។ នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនងភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕