ក្រោយពីអ្នករាយមងប្រទះឃើញសត្វក្រពើមួយងើបក្បាលក្នុងស្ទឹងសង្កែ ស្ថិតនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចដើម្បីចាប់វា រហូតមកដល់រសៀលថ្ងៃដដែលទើបចាប់បាន។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចក្រពើនេះមានទម្ងន់ជាង ៤០គីឡូក្រាម ប្រហែលរួចចេញពីទីតាំងចិញ្ចឹមណាមួយ ព្រោះនៅតំបន់ខាងលើមានទីតាំងចិញ្ចឹមក្រពើមួយចំនួនផងដែរ។
សូមបញ្ជាក់ថា ការចាប់សត្វក្រពើនេះបានធ្វើឡើងនៅចំណុចខាងមុខវត្តស្វាយជ្រុំ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកណូរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាំឱ្យពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែកើតក្ដីបារម្ភពីសុវត្ថិភាព ព្រោះអ្នកមួយចំនួនតែងតែចុះទៅងូតទឹក និងនេសាទ នៅក្នុងស្ទឹងមួយនេះ៕