យុទ្ធភណ្ឌ័មិនទាន់ផ្ទុះចាស់ៗជាច្រើនគ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញពេលកំពុងជីកដីដាំដុះដំណាំ ហើយក៏រាយការណ៍ជូនសមត្ថកិច្ច កាលពីថ្ងៃទី៤ តុលា ឆ្នាំ២០២៣ នៅភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចស្រុកបានឱ្យដឹងថា នៅពេលប្រជាពលរដ្ឋកំពុងកាប់គាស់ដីធ្វើចំការបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាប្រភេទគ្រាប់ M16 ២០ប្រអប់ស្មើ៨០០គ្រាប់ គ្រាប់ការ៉ាប៉ីនចំនួន២០០គ្រាប់ គ្រាប់រ៉េបេអឹម៨ខ្សែមានចំនួន ១៦០០គ្រាប់ និងគ្រាប់M79ចំនួន២គ្រាប់សរុបទាំងចំនួន២៦០២គ្រាប់ ។
លោកវរ:សេនីយ៍ឯក សេង ចិន្តា អធិការនគបាលស្រុកសាមគ្គីមានជ័យ បានឱ្យដឹងថាគ្រាប់មិនទាន់ផ្ទុះទាំងអស់នោះជាគ្រាប់ចាស់ៗដែលមិនអាចប្រើកើតឡើយ ដែលទំនងជាគេកប់បន្សល់ទុកក្នុងដីតាំងពីសម័យសង្គ្រាមមកម្លេះ។ បច្ចុប្បន្នគ្រាប់នោះបានមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំកម្លាំងស៊ីម៉ាកយកទៅចាត់ចែងតាមបច្ចេកទេស៕