ផ្លូវដីក្រហមប្រវែងជាង ១០គីឡូម៉ែត្រ ពីសាលាស្រុកស្រែអំបិល ទៅឆ្នេរនេសាទ ស្ថិតនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង រងការខូចខាតធ្ងន់ធ្ងរកន្លែងខ្លះកើតជាជង្ហុក ថ្លុកទឹកបាក់ស្រុត នាំឱ្យពិបាក់ធ្វើដំណើរដល់សាធារណៈជន អ្នកទេសចរណ៍ ពិសេសសហគមន៍ពលរដ្ឋរស់នៅតំបន់នោះដែលត្រូវការធ្វើដំណើររាល់ថ្ងៃ។
ប្រភពដំណឹងបានឱ្យ 1Post ដឹងថា ផ្លូវមួយខ្សែនេះរងការខូចខាតយូរមកហើយតែមិនឃើញជួសជុល ឬ សាងសង់ឡើងវិញទាំងស្រុងនៅឡើយ។ ហើយការខូចខាតនេះកាន់តែធ្ងន់ធ្ងរឡើងដោយសារតែទឹកភ្លៀងហូរច្រោះមកលើកំណាត់ផ្លូវព្រោះតែគ្មានប្រព័ន្ធបង្ហូរត្រឹមត្រូវនិងមិនរឹងមាំហើយពលរដ្ឋខ្លះក៏ខំជួសជុលនៅមុខផ្ទះខ្លួនឯង។ ផ្ដើមចេញពីបញ្ហានេះមិនត្រឹមតែរំខានដល់ការរស់នៅប្រជាពលរដ្ឋតាមភូមិប៉ុណ្ណោះ សូម្បីតែភ្ញៀវទេសចរណ៍ក៏ហាក់ស្ងាត់មិនទៅកម្សាន្តនៅសហគមន៍ឆ្នេរនេសាទផងទៀត (សម្លេង)។
ទាក់ទងបញ្ហាខាងលើនេះលោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល បានឱ្យ 1Post ដឹងថាផ្លូវនេះជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទជាអ្នកទទួលការសាង់សង់ ប៉ុន្តែបច្ចុប្បន្នកើតជង្ហុកបែបនេះដោយសារតែធ្លាក់ភ្លៀងខ្លាំង ហើយប្រសិនបើធ្វើការកៀរឬក៏ជួសជុលវាអាចនឹងបង្កការលំបាក់កាន់តែខ្លាំង (សម្លេង)។
គួររម្លឹកថា បើតាមប្រភពដំណឹង 1Post ទទួលបាន មួយរយៈចុងក្រោយនេះបន្ទាប់ពីស្ថានភាពអកាសធាតុមិនអំណោយផល សេដ្ឋកិច្ចសកលក៏ពុំប្រសើរ ពិសេសផ្លូវមួយខ្សែនេះរងការខូចខាតធ្ងន់ធ្ងរផង បណ្ដាលឱ្យភ្ញៀវមិនសូវទៅកម្សាន្តនៅសហគមន៍ទេសចរណ៍ឆ្នេរនេសាទ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ទៅដល់ការប្រកបរបរកទទួលទានរបស់ប្រជាសហគមន៍ គ្រាដែលស្ថានភាពលំបាកក្នុងការធ្វើដំណើរ និងទឹកជន់លិចជាអន្លើៗនៅតែអូសបន្លាយព្រោះតែគ្មានប្រព័ន្ធបង្ហូរត្រឹមត្រូវ៕ តាពេជ្រ