នេះជារូបភាពបង្ហាញពីកម្មករនិយោជិតក្នុងវិស័យកាត់ដេរដែលជាសមាជិកសហជីពមូលដ្ឋានបានលើកបដាសរសេរដោយដៃ នៅតាមបណ្ដាមួយរោងចក្រមួយចំនួនក្នុងរាជធានីភ្នំពេញ ដោយស្នើសុំប្រាក់ឈ្នួលអប្បបរមាចំនួន២១៥ដុល្លារ និងយ៉ាងតិច២១០ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងបដានោះខ្លះសរសេរថា រដ្ឋមានកតព្វកិច្ចក្នុងការធានាប្រាក់ឈ្នួលរស់នៅសមរម្យប្រកបដោយសេចក្ដីថ្លៃថ្នូរសម្រាប់កម្មកនិយោជិត។ ខ្លះទៀតសរសេរថា ចង់បានប្រាក់ឈ្នួលអប្បបរមាគឺជាប្រាក់ឈ្នួលដែលអាចធានាបានការរស់នៅសមរម្យ ប្រកបដោយសេចក្តីថ្លៃថ្នូរសម្រាប់កម្មករនិយោជិត។
បើតាមខ្លឹមសារនៅលើផេកហ្វេកបុកអង្គការ Central បានសរសេរថា ការទាមទារប្រាក់ឈ្នួលគោលនេះ មិនមែនទើបតែនៅក្នុងឆ្នាំ២០២៤ គឺតាំងពីឆ្នាំ២០២៣ មកម្លេះ ជាក់ស្ដែងការស្នើរសុំប្រាក់ឈ្នួលអប្បបរមា ២១៥ដុល្លារនេះ គឺពួកយើងស្នើសុំដើម្បីរស់ មិនមែនដើម្បីក្លាយជាអ្នកមានទេ។
សូមរម្លឹកថា បន្ទាប់ពីចូលកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ បានឆ្លៀតពេលក្រៅផ្លូវការចុះទៅតាមបន្ទប់ជួលមួយចំនួនរបស់កម្មករនិយោជិក ដោយលោកលើកឡើងថាដើម្បីបង្កើនការស្វែងយល់អំពីជីវិតរស់នៅប្រចាំថ្ងៃ ក្រោយពេលចប់ម៉ោងការងាររបស់បងប្អូនកម្មករនិយោជិត ក៏ដូចជាអ្នករស់នៅតាមបន្ទប់ជួល។
នៅលើផេកហ្វេកបុកផ្លូវការរបស់លោករដ្ឋមន្ត្រីរូបនេះបានរៀបរាប់ទៀតថា “បងប្អូនភាគច្រើនមិនបានស្គាល់ខ្ញុំជាអ្នកណាទេ។ ខ្ញុំសូមអរគុណចំពោះការស្វាគមន៍រាក់ទាក់ និងឆ្លើយឆ្លងជាមួយខ្ញុំប្រៀបដូចជាបងនិងប្អូន។ ជាការពិតអ្វីៗ ដែលមានចំពោះមុខគឺមិនទាន់ដល់ក្តីប្រាថ្នា១០០% របស់បងប្អូននៅឡើយ ប៉ុន្តែប្រៀបធៀបអតីតកាល៤ ទៅ ៥ឆ្នាំមុន និងបច្ចុប្បន្នគឺបងប្អូនថាបានល្អជាងមុនច្រើន ជាក់ស្តែងគឺបងប្អូនដឹងច្បាស់ថាតម្លៃភ្លើង និងទឹកស្អាតឥឡូវគឺថោកជាងកាលពីឆ្នាំ២០១៨។ ឥឡូវនេះពេលបងប្អូនឈឺថ្កាត់គឺមិនខ្លាចនឹងទៅពេទ្យដោយសារបងប្អូនមាន ប័ណ្ណប.ស.ស និងមានមន្ទីរពេទ្យនៅក្បែរផ្ទះជួល ឬរោងចកក្រ”។
គួរបញ្ជាក់ថា បើតាមរយៈនៃសកម្មភាពការងាររបស់លោករដ្ឋមន្ត្រីនាពេលកន្លងទៅនិងគ្រាកំពុងកាន់ដំណែងនេះត្រូវបានគេរំពឹងថា ស្ថានភាពលក្ខខណ្ឌការងារ និងផលប្រយោជន៍ផ្សេងៗកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត ពិសេសការទទួលបានប្រាក់ឈ្នួលអប្បបរមាឱ្យសមនឹងស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដែលអាចធានាបានការរស់នៅសមរម្យ ប្រកបដោយសេចក្តីថ្លៃថ្នូរសម្រាប់កម្មករនិយោជិត គ្រាដែលតំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខចំនួន២១៥ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជកបានលើកឡើងនូវតួលេខចំនួន២០១ដុល្លារអាម៉េរិកមានន័យថា ដំឡើង ១ដុល្លារពីប្រាក់ឈ្នួលគោលឆ្នាំ២០២៣ ទោះយ៉ាងនេះក្ដីលទ្ធផលនៃការតម្លើងប្រាក់អប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ កំពុងស្ថិតក្នុងការចរចានៅឡើយ៕ SP