តំបន់ទឹកធ្លាក់លែងអន លែងឃិន សម្ងំលាក់ខ្លួននៅក្នុងសហគមន៍ជនជាតិភាគតិចព្នង មិនចាញ់ទឹកជ្រោះប៊ូស្រា

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 25 មីនា 2021

មណ្ឌលគិរី៖ នៅខេត្តមណ្ឌលគិរីក្រៅពីទឹកជ្រោះប៊ូស្រាដែលល្បីល្បាញ ក៏មានទឹកធ្លាក់”លែងអន​ លែងឃិន”ដែលមានសម្រស់ស្រស់ស្អាត ជាទីកម្សាន្តសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ។

តំបន់ទឹកធ្លាក់លែងអន លែងឃិន សម្ងំលាក់ខ្លួននៅក្នុងសហគមន៍ជនជាតិភាគតិចព្នង មិនចាញ់ទឹកជ្រោះប៊ូស្រា

តំបន់ទឹកធ្លាក់”លែងអន លែងឃិន”មានចម្ងាយប្រមាណ៤គីឡូម៉ែត្រពីផ្លូវជាតិលេខ៧៦ ចូលទៅតាមផ្លូវលំក្រាលគ្រោះក្រហម នៅផ្នែកខាងឆ្វេងដៃក្នុងដំណើរពីភ្នំពេញ ពោលគឺមុននឹងទៅដល់ក្រុងសែនមនោរម្យ ស្ថិតនៅក្នុងភូមិហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ផ្លូវចូលទៅកាន់តំបន់ទឺកធ្លាក់នេះបើទោះបីផ្លូវពុំទាន់មានការអភិវឌ្ឍន៍បានល្អនៅឡើយក្ដី ប៉ុន្តែយើងអាចធ្វើដំណើរទៅកាន់ទីនោះបានដោយភាពងាយស្រួល មិនប្រឈមនឹងឧបសគ្គនោះទេ។

តំបន់នេះហ៊ុមព័ទ្ធទៅដោយព្រៃឈើ ដងភ្នំ វាលស្មៅក្រាស់ស្ដើង នៅពេលចុះពីទីជម្រាលភ្នំ ហើយមកដល់មាត់ជណ្តើរចុះទៅកាន់កន្លែងទឺកធ្លាក់យើងនឹងបានឮសម្លេងបក្សាបក្សីស្រែកខ្ញៀវខ្ញា អមជាមួយទឹកជ្រោះ ដែលមានទឹកធ្លាក់ខ្ពស់ទាប អកាសធាតុត្រជាក់ ជាមួយខ្យល់ធម្មជាតិបរិសុទ្ធធ្វើឱ្យភ្ញៀវទេសចរណ៍មានអារម្មណ៍ស្រស់ស្រាយរំសាយនូវទុក្ខកង្វល់ទាំងឡាយ តាមរយះទេសភាព ងូតទឹក ថតរូប និងការទទួលអាហាររបស់ជនជាតិដើមភាគតិចព្នងដ៏ឆ្ងាញ់ពិសារប្លែកមាត់ និងអាចទិញបន្លែផ្លែឈើធម្មជាតិដែលពួកគាត់បានដាំនៅតំបន់នោះ។

ការចូលមកកម្សាន្តនៅតំបន់ទឹកធ្លាក់លែងអន លែងឃិន នេះភ្ញៀវជនជាតិខ្មែរម្នាក់តម្រូវឱ្យបង់ប្រាក់តម្លៃ១០០០រៀល និងភ្ញៀវបរទេសមា្នក់តម្លៃ៥០០០រៀល។

អ្នកទេសចរណ៍ទៅពីរាជធានីភ្នំពេញលោក រ័ត្ន បានបង្ហាញអារម្មណ៍ថា ទីកន្លែងកម្សាន្តនេះពិតជាមានសក្ដានុពលធម្មជាតិជាទីលំហែគ្រាន់តែការអភិវឌ្ឍន៍នៅមានកម្រិត។ (សម្លេង)

បើតាម លោក  តែប ខ្វឺត ប្រធានសមាគមន៍ភូមិពូហ្សាម បានឱ្យក្រុមការងារយើងដឹងថា តំបន់ទឺកធ្លាក់លែងអនលែងឃិន គឺជាតំបន់ទឹកដីដូនតា។ ហើយទីនេះរក្សាបាននូវបរិស្ថានល្អរៀងរហួតមក។ ដោយបងប្អូនជនជាតិយកចិត្តទុក់ដាក់ថែទាំមិនឱ្យមានសំរាម និងក្លិនស្អុយធ្វើឱ្យទឹកស្អាតអាចចុះងូតកម្សាន្តសប្បាយបាន។

លោក តែប ខ្វឺត បានឱ្យដឹងទៀតថា ទឹកជ្រោះនៅតំបន់នេះមាន៣កន្លែងទីមួយគឺទឹកធ្លាក់លែងអន ទី២លែនឃិន និងទី៣ទឹកធ្លាក់លែងរីង ប៉ុន្តែទឹកធ្លាក់លែងរីងគឺគេត្រូវធ្វើដំណើរឡើងទៅលើឆ្ងាយទៀតទើបគេទៅដល់។ (សម្លេង)

ទោះជាយ៉ាងនេះក្ដីប្រធានសហគមន៍រូបនេះនៅតែមានក្ដីរំពឹងទៅថ្ងៃអនាគតថា នឹងមានភាពប្រសើឡើង ហើយនិងសំណូមពរដល់ភ្ញៀវទេសចរណ៍ចូលកម្សាន្តទីនេះឱ្យបានច្រើនដើម្បីប្រជាពលរដ្ឋក៏ដូចជាសហគមន៍អាចប្រកបរបរលក់ដូរក៏ដូចជារកសេវ៉ាខាងផ្នែកទេសចរណ៍គ្រាន់ដោះស្រាយជីវភាព និងសំណូមពលដល់មន្រ្តីពាក់ព័ន្ធជួយថែរក្សាតំបន់ទឹកដីដូនតារបស់គាត់មួយកន្លែងនេះឱ្យបានគង់វង្ស ចៀសវាងគេចូលទន្ទ្រានកាន់កាប់នាំអោយបាត់ប្រភពដើមណាមួយកើតឡើង៕