ត្បូងឃ្មុំ៖ សេចក្ដីរាយការណ៍មកថា រថយន្តលុចស៊ីស 570 បុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឱ្យភាគីរ៉ឺម៉ក២នាក់ស្លាប់នៅលើផ្លូវជាតិលេខ៨ នៅក្នុងភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។
ប្រភពពីអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿងម៉ាកលុចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ 2225 បើកបរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។ លុះមកដល់កន្លែងកើតហេតុក៏បានបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក ដែលកំពុងបើកក្នុងទិសដៅបញ្ច្រាសគ្នា លាន់ឮដូចរន្ទះបណ្ដាលឱ្យអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក និងអ្នករួមដំណើរស្លាប់ទាំង២នាក់ ខណៈភាគីរថយន្តលុចស៊ីសរបួសស្រាល។
ក្រោយកើតហេតុភ្លាមៗពលរដ្ឋបានផ្អើលចោមរោមមើលឃើញលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី កំពុងបើកទ្វាររថយន្តចុះមកក្រៅ និងដើរចុះដើរឡើងនៅកន្លែងកើតហេតុដែលនាំឱ្យគេសង្ស័យជារថយន្តរបស់លោក។ មួយសន្ទុះមកគេបានដោះស្លាកលេខរថយន្តយកទៅលាក់បាត់ទៀងផង។
ជនរងគ្រោះ២នាក់មានទី១ ឈ្មោះ អែម សំអូន ហៅគោ ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកបើកបរម៉ូតូ និងទី២ឈ្មោះ ផន ភីន អាយុ១៦ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ទាក់ទងករណីនេះ 1Post មិនទាន់អាចសុំការបញ្ជាក់ពីលោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរីបាននៅឡើយនារាត្រីថ្ងៃទី២៩ កញ្ញា ២០២២។
ដោយឡែកបើយោងតាមអ្នកនាំពាក្យខេត្តមណ្ឌលគីរី លោក នាង វណ្ណៈ បានបញ្ជាក់ប្រាប់ព័ត៌មានក្នុងស្រុកមួយនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ថា រថយន្ត Lexus570 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AQ-2225 ពិតជារថយន្តរបស់លោកអភិបាលខេត្តមណ្ឌលគីរីពិតប្រាកដមែន។ ប៉ុន្តែកំឡុងពេលកើតហេតុនោះ លោកអភិបាលមិនបានរួមដំណើរជាមួយរថយន្តបង្កទេ ព្រោះរថយន្តនោះលោកឱ្យកូនចៅរបស់លោកយកទៅជួសជុល និងបើកយកមកទុកវិញ ហើយលោកអភិបាលខេត្តបានជិះរថយន្តសេរីទំនើបផ្សេងទៀតម៉ាក់ វ៉ុលវីហ្គេន ពាក់ស្លាកលេខ ភ្នំពេញ 2BT-9992៕ តាពេជ្រ