សមត្ថកិច្ចកាលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ03អ.យ.ឃ/22 ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ របស់លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តមណ្ឌលគីរី លើឈ្មោះ ឆៃ សុខា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ(ជនសង្ស័យ) នៅចំណុចភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ជនសង្ស័យសារភាពថា ការសម្លាប់នេះដោយសារទំនាស់សម្ដី។
សូមរំលឹកថា ករណីឃាតកម្មលើជនរងគ្រោះឈ្មោះ សារិក ហៅលិ ភេទស្រី អាយុប្រហែល២២ឆ្នាំ ជនជាតិខ្មែរ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្រែអណ្ដោលឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី សមត្ថកិច្ចរកឃើញថា សពអាចនឹងស្លាប់ចន្លោះពី៧ទៅ១០ថ្ងៃ ទម្រាំគេប្រទះឃើញ។
ដំបូងឡើយសពខាងលើត្រូវគេប្រាប់ថា ជាស្ត្រីមិនត្រូវបានគេស្គាល់អត្តសញ្ញាណច្បាស់ទេ តែយោងលើអ្នករស់នៅតំបន់នោះប្រាប់ថា ជនរងគ្រោះ ជាស្ត្រីដែលមានសតិមិនល្អ មានឈ្មោះហៅក្រៅ លិ ឬកូកូ ហើយនារីរូបនេះតែងដើរស្នាក់នៅរហេតរហូតពុំមានគោលដៅច្បាស់លាស់នោះទេ៕