ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានសម្រេចផ្តល់ហិរញ្ញប្បទានឱ្យកម្ពុជា ចំនួន៣០លានដុល្លារអាម៉េរិកដើម្បីឆ្លើយតបនឹងការីករាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ដែលកំពុងឆ្លងរាលដាល។ សេចក្តីប្រកាសព័ត៌មានរបស់ADB បានបញ្ជាក់ថា ក្នុងចំណោមថវិកាទាំងនេះ មាន២៥លានដុល្លារ ជាប្រាក់កម្ចីដែលផ្តល់ឱ្យកម្ពុជាបន្ថែម សម្រាប់គម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ (GMS)។
បើតាម ADB ប្រាក់កម្ចី២៥លានដុល្លារ ដែលសម្រេចផ្តល់ឱ្យកម្ពុជានេះ នឹងជំរុញលើសេវាកម្មមន្ទីរពិសោធន៍ និងការត្រួតពិនិត្យ ការការពារការឆ្លងមេរោគនៅមន្ទីរពេទ្យបង្អែកខេត្តនិងស្រុកចំនួន៨១នៅទូទាំងប្រទេស។ លើសពីនេះ វានឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធឃ្លាំមើល និងឆ្លើយតបជំងឺ ការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និងការតាមប្រភពចម្លងជំងឺ នៅតាមភ្នាក់ងារសុខាភិបាលមជ្ឈិម ខេត្ត និងស្រុក។
ចំណែកថវិកា៥លានដុល្លារទៀត គឺជាជំនួយឥតសំណង ដែលADBផ្តល់ឱ្យកម្ពុជា ដើម្បីកែលម្អ សេវាថែទាំបន្ទាន់នៅមន្ទីរពេទ្យខេត្តចំនួន១៤។ ADB បានបញ្ជាក់ថា ជំនួយឥតសំណងដែលផ្តល់ឱ្យកម្ពុជានេះ គឺបានពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction) របស់រដ្ឋាភិបាលជប៉ុន៕