ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ស្ថានភាពស្បៀងអាហាររបស់កូរ៉េខាងជើង នៅតែស្ថិតក្នុងគ្រោះថ្នាក់នេះ បើយោងតាមក្រុមអ្នកវិភាគ និងអ្នកជំនាញអង្គការសហប្រជាជាតិ ដែលបានលើកឡើងនូវមន្ទិលសង្ស័យ អំពីការប្រមូលផលរបស់ប្រទេសនេះ ហើយមានសញ្ញាបង្ហាញថា ខ្លួនកំពុងទទួលបានការដឹកជញ្ជូនជំនួយមនុស្សធម៌ជាច្រើនពីប្រទេសចិន។ បើយោងតាមការចុះ ផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២១។
ប្រទេសកូរ៉េខាងជើងបានទទួលរងនូវអសន្ដិសុខស្បៀងជាយូរមកហើយ ដោយអ្នកសង្កេតការណ៍ និយាយថា ការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវរបស់រដ្ឋាភិបាល ធ្វើអោយស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ ដោយទណ្ឌកម្មអន្តរជាតិ គ្រោះធម្មជាតិ ហើយឥឡូវនេះ ជំងឺរាតត្បាតកូវីដ -១៩ ដែលជំរុញឱ្យមាន ការបិទព្រំដែនដែលមិនធ្លាប់មានពីមុនមក។
ប្រទេសនេះជាធម្មតាពឹងផ្អែកលើការនាំចូល និងជំនួយពីប្រទេសចិន ប៉ុន្តែការបិទច្រកព្រំដែន ដែលមានគោលបំណងការពារការផ្ទុះកូវីដ-១៩ បានធ្វើឱ្យពាណិជ្ជកម្មមានការយឺតយ៉ាវ និងធ្វើឱ្យមានការសង្ស័យលើសមត្ថភាពប្រទេសនេះ ក្នុងការជំនះការខ្វះខាតស្បៀងអាហារ៕