កាលពីពេលថ្មីៗនេះបែកធ្លាយដំណឹងពីភាពមិនប្រកតីករណីជំនួញលៀសនៅភូមិសាស្ត្រខេត្តកំពង់ឆ្នាំងនាំចេញទៅប្រទេសវៀតណាម ដោយឈ្មួញចំនួនបីក្រុម ក្នុងនោះគេសង្ស័យមានមន្ត្រីជាន់ខ្ពស់ជំនាញជលផលខេត្តកំពង់ឆ្នាំងជាប់ពាក់ព័ន្ធនៅពីក្រោយជំនួញមួយនេះដោយប្រពន្ធជាឈ្មួញធំម្នាក់ដែរ។ វីដេអូ https://fb.watch/kA4PqizH41/?mibextid=cr9u03
ចំណុចកំពង់អុស ផ្សារក្រោម និងវត្តថ្នល ជាទីតាំងដែលក្រុមឈ្មួញចាំប្រមូលទិញលៀសពីប្រជាពលរដ្ឋ។ លៀសដែលគេទិញនោះមានទាំងតូចទាំងធំ ខ្លះទាំងមិនទាន់គ្រប់អាយុក្នុងការឱ្យធ្វើនេសាទដែលច្បាប់បានហាមឃាត់ក៏ដោយ។ នេះបើតាមប្រភពសូមមិនបញ្ចេញឈ្មោះដែល1Post ទទួលបាន។
ប្រភពបានទម្លាយថា ទីផ្សារកូនលៀសដែលកំពុងត្រូវប៉ាន់គឺក្រុមឈ្មួញនាំចេញប្រទេសវៀតណាម រហូតមាននូវការសង្ស័យឈ្នានិសគ្នា បង្កើតបក្ខពួកនិយម ប្រកួតប្រជែងរកស៊ីមិនសុច្ចរិត ដោយមានមន្ត្រីជំនាញខ្លះនៅក្រោយ និងមន្ត្រីខ្លះមានភរិយារកស៊ីលៀសដែរ។ ឈ្មួញតូចតាចទើបរៀនរកស៊ីខ្លះហាក់ដូចជាគេប៉ែងជើង បន្ទាប់ពីមន្ត្រីជលផលចាប់លៀស ចាប់រថយន្ត ក្រោមហេតុផលគ្មានលិខិតអនុញ្ញាត និងទាប្រាក់៦លានរៀល ចុងក្រោយយកបាន ៤លានរៀលដោយគ្មានវិក័យប័ត្រ និងដោះលែងឡានមកវិញ ខណៈឈ្មួញផ្សេងទៀតម្ដេចក៏ធ្វើបាន? តើការពិតយ៉ាងណាសូមអ្នកពាក់ព័ន្ធជួយបញ្ជាក់ផង នេះជាសំណួរ?។
ទាក់ទងការលើកឡើងខាងលើនេះលោក លី ឡា នាយខណ្ឌជលផលកំពង់ឆ្នាំង ទទួលសារសំណួរពី 1Post តាមបណ្ដាញសង្គមដែលលោកប្រើហើយនៅមិនទាន់មានការបញ្ជាក់នៅឡើយ។
ចំណែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ឃើញសញ្ញាគ្រីសទទួលសារសំណួរ 1Post តាំងពីថ្ងៃ១៥ ឧសភា ឆ្នាំ២០២៣ រហូតមកដល់វេលាចេញផ្សាយនេះនៅមិនទាន់មានការឆ្លើយតបផងដែរ។
សូមរម្លឹកថា បើតាមលក្ខណៈបច្ចេកទេសនៃច្បាប់បានកំណត់ឧបករណ៍នេសាទ និងកម្លាំងម៉ាស៊ីនសម្រាប់អូសទាញនេសាទដោយអនុញ្ញាតត្រឹមកម្លាំងម៉ាស៊ីន ២៤សេស និងបែងចែកតំបន់នេសាទលៀស ដោយភ្ជាប់និយាមការមានចំនួន៨ទីតាំង ស្ថិតក្នុងស្រុកចំនួន៣ ក្នុងនោះមានស្រុបរិបូណ៌, ស្រុកកំពង់លែង និងក្រុងកំពង់ឆ្នាំង ដែលបានកំណត់សម្រេចក្នុងផែនទីដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ហើយមកដល់បច្ចុប្បន្ននេះលិខិតអនុញ្ញាត (ពាក់មី) សម្រាប់អ្នកអូសលៀសដែលចេញដោយមន្ទីរកសិកម្មមានមិនតិចជាង ១០០ប័ណ្ណនោះទេ ពេលពួកគេរកបានយកមកលក់ឱ្យឈ្មួញកណ្ដាលដែលកំពុងតែប្រកួតប្រជែងគ្នាខាងលើនេះឯង៕ តាពេជ្រ