តំបន់ជីវចម្រុះជាប់ព្រៃកោងកាងដែលមានទឹកជោរនាចសំបូរភក់ ត្រូវបានអ្នកមានលុយវាតទីយកធ្វើអាជីវកម្មគ្រែងឈាម ដោយខែងរ៉ែងមិនឱ្យគ្រួសារពលរដ្ឋធ្លាប់អាស្រ័យផលរាវរកគ្រែងលក់ដើម្បីជីវភាពអាចធ្វើបានដូចមុននោះទេនៅត្រង់ចំណុចព្រែកតាតីនិងព្រែកគល់ ស្ថិតនៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រជាពលរដ្ឋ១៧គ្រួសារ ដែលពឹងផ្អែកលើការរាវគ្រែងឈាមដោយដៃលក្ខណៈគ្រួសារ បានរអ៊ូរទាំហួសចិត្តនឹងការធ្វើដូចនេះនិងសូមឱ្យអាជ្ញាធរស្រុកបូទុមសាគរ អាជ្ញាធរខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធមេត្តាមានវិធានការឱ្យមានតម្លាភាពត្រឹមត្រូវលើករណីនេះ ព្រោះជាទីកន្លែងអាស្រ័យផលសម្រាប់ឆ្នាំងបាយរួមរបស់ពលរដ្ឋទូទៅក្នុងសហគមន៍។
ពួកគាត់បន្តឱ្យដឹងថា មួយរយៈចុងក្រោយតំបន់សម្រាប់សហគមន៍អាស្រ័យផលនេះ ឃើញក្រុមអ្នកមានលុយមានអំណាចវាតទីបោះបង្គោលកំណត់ព្រំជាហូរហែសង្ស័យតែការគប់គិតគ្នាទេទើបអាចធ្វើបាន។ បើតាមប្រភពដដែលបានសង្ស័យឈ្មោះ អាង ផល ជាកូនលោកមេភូមិចំការលើគ្រាដែលក្រុមការងារ 1Post ខលផងទៅលេខទូរសព្ទដៃរបស់លោកគ្មានអ្នកទទួល ផ្ញើសារទៅបណ្ដាញសង្គមដែលលោកប្រើ ចួលមើលហើយមិនឃើញឆ្លើយតប។
ចំណែកលោក តេង ហាន ប្រធានសហគមន៍ថ្មស បានឱ្យដឹងថា ទីតាំងចំណុខខាងលើជារបស់សហគមន៍និងសម្រាប់ពលរដ្ឋអាស្រ័យផលជាលក្ខណៈគ្រួសារ ក្រោយមកពេលថ្មីៗនេះឭថាមានបញ្ហាហាមមិនឱ្យពលរដ្ឋអាស្រ័យផលបានលោកមិនទាន់បានចុះទៅពិនិត្យមើលនៅឡើយព្រោះជាប់រវល់ប្រជុំនៅទីរូមខេត្ត ក្រោយប្រជុំលោកនឹងទៅពិនិត្យមើលនិងធ្វើទៅការកំណត់ដោយច្បាប់។
សូមរម្លឹកថា ទីតាំងដែលកំពុងវាតទីព័ទ្ធផ្ទៃសមុទ្រយកផលក្រែង ឬ ងាវ កើបប្រាក់ធ្វើមានធ្វើបានពីសំណាក់ឈ្មួញអ្នកមាននេះ មានមួយចំណែកធំស្ថិតនៅក្នុងដែនរបស់សហគមន៍ដែលច្បាប់បានហាមមិនឱ្យប៉ះពាល់ ដើម្បីទុកឱ្យជីវចម្រុះកកើតឡើងវិញហើយពលរដ្ឋជាអ្នកអាចអាស្រ័យផលលើទីតាំងនេះតាមរដូវកាលដែលបានកំណត់៕ ដំណឹងបឋម