កសិករមិនគួរប្រថុយប្រថាន ដាំដុះស្រូវវដើមរដូវវស្សា(ប្រភេទពូជស្រូវស្រាល) ដោយពឹងលើប្រភពទឹកតិចតួចនោះដែរ ព្រោះអាចប្រឈមនឹងការខូចខាតដោយសាររាំងស្ងួត។ នេះបើយោងតាមក្រសួងកសិកម្មចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៦ ខែមេសានេះ។
សេចក្ដីប្រកាសនោះបានឱ្យដឹងទៀតថា កសិករត្រូវត្រៀមបង្ការនិងឆ្លើយតបចំពោះកិច្ចការដាំដុះស្រូវរបស់ខ្លួនក្នុងឆ្នាំ២០២៣នេះ ដោយការលើកទប់ និងថែទាំភ្លឺស្រែឱ្យបានល្អ ដើម្បីទឹកទុកព្រមទាំងរៀបចំម៉ាស៊ីនបូមទឹកសម្រាប់បូមទឹកសង្គ្រោះនៅពេលចាំបាច់។
សម្រាប់ប្រជាកសិករដែលនៅតំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់ កសិករ គួរប្រញាប់ប្រញាល់ដាំដុះនៅចុងខែមេសា ឬដើមខែឧសភានេះ ដើម្បីអាចប្រមូលផលស្រូវនៅចុងខែកក្កដា ឬខែសីហា។ សម្រាប់ដាំដុះស្រូវអាស្រ័យទឹកភ្លៀងកសិករគួររូតរះភ្ជួរដាស់ដីដើម្បីត្រៀមដាំដុះក្នុងវខែមិថុនា ឬខែកក្កដា ដោយប្រើប្រាស់ប្រភេទពូជស្រូវកណ្តាលប្រាកន់រដូវដូចជា ពូជស្រូវផ្ការំដល និងប្រភេទពូជស្រូវផ្សេងៗទៀតដែលនឹងត្រូវមូលផលក្នុងខែវិច្ឆិកា។
ចំពោះការដាំដុះដំណាំបន្លែវិញក្រសួងលើកទឹកចិត្តកសិករឱ្យប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក ប្រក់សំណាញ់ ដើម្បីទប់កម្តៅ និងប្រើសារធាតុគម្របដីពីចំបើង ឬកាកសំណល់ដំណាំស្ងួត ឬគម្របប្លាស្ទិក ដើម្បីរក្សាសំណើបដីឱ្យបានយូរ។ ចំណែកកសិករដែលស្ថិតនៅតំបន់ឆ្ងាយពីប្រភពទឹកដូចជាទន្លេ ស្ទឹង បឹង ឬអាងទឹក ត្រូវត្រៀមលក្ខណៈរក្សាទឹកទុកឱ្យបានច្រើននៅក្នុងត្រពាំង ឬអាងស្តុកទឹកតៅតាមគ្រួសារ ឬសហគមន៍ សម្រាប់ទុកស្រោចស្រពក្នុងពេលរាំងស្ងួត។
សូមរម្លឹកថា ការណែនាំនេះគឺបន្ទាប់ពីក្រសួងធនធានបានព្យាករណ៍ថា រដូវវស្សាឆ្នាំ២០២៣ នឹងចូលមកដល់យឺត ពោលគឺទាល់តែសប្តាហ៍ទី២នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម។ ទន្ទឹមនឹងនេះកូនរដូវប្រាំងដែលអាចកើតឡើងក៏អូសបន្លាយចាប់ពីដើមខែកក្កដា រហូតដល់ខែដើមខែស៊ីហា។ សម្រាប់ក្រសួងកសិកម្មស្ថានភាពនេះ អាចបង្កផលប៉ះពាល់ដល់ផលិកម្មដំណាំកសិកម្ម៕