សេចក្ដីរាយការណ៍មកថា សកម្មភាពនាំត្រីមកពីថៃអត់មានលិខិតបញ្ជាក់ពីមន្រ្តីគយខេត្តកោះកុងតែបែជាមានលិខិតបញ្ជាក់ពីខណ្ឌរដ្ឋបាលជលផលកោះកុងថា ជាត្រីចម្រុះផលិតផលក្នុងស្រុកដឹកចេញពីផែអូប័រឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដែលផ្ទុយពីទិដ្ឋភាពពិតគឺត្រីមានប្រភពមកពីប្រទេសថៃ ហើយផ្ទេរបន្តនៅចំណុចផ្សារភូមិថ្មី (ចាំយាម) ស្ថិតនៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ប្រភពដំណឹងបានឱ្យដឹងថា ត្រីឆ្លងប្រទេសត្រូវមានលិខិតអនុញ្ញាតពីនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម និងលិខិតអនុញ្ញតពីគយ ចុះហេតុអ្វីបានត្រីទាំងនោះចរាចរណ៍បានហាក់ផ្ទុយពីនីតិវិធីទៅវិញ?
ទាក់ទងការសង្ស័យមានភាពមិនប្រកតីនេះលោក ឡាង គីរី អនុប្រធានមន្ទីរកសិកម្មខេត្តកោះកុងបានឱ្យដឹងថា សំណួរដែល 1Post បានសួរទាក់ទងនឹងបញ្ហាខាងលើ លោកបានបញ្ជូនសំណួរនោះទៅកាន់មន្ត្រីជំនាញ ហើយបន្តិចទៀគេនឹងបំភ្លឺតបវិញ ប៉ុន្តែរំលងតាំងពីថ្ងៃទី៣១ មីនា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃចេញផ្សាយនេះ 1Post មិនទាន់បានទទួលការឆ្លើយតបណាមួយពីមន្ត្រីជំនាញជលផលនៃមន្ទីរកសិកម្មខេត្តកោះកុងនៅឡើយ។
ចំណែកលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តកោះកុង ក៏មិនទាន់មានការឆ្លើយតបផងដែរ បន្ទាប់ពីឃើញសញ្ញាគ្រីសទទួលសារសំណួរពីក្រុមការងារ 1Post តាមបណ្ដាញសង្គមដែលលោកប្រើ៕ តាពេជ្រ