លោកយាយ អាយុចំណាស់ជាងគេបំផុតលើពិភពលោកទទួលមរណភាពក្នុងជន្មាយុ ១១៨ឆ្នាំ

ពិភពលោក
ថ្ថ្ងៃអាទិត្យ 22 មករា 2023
លោកយាយ អាយុចំណាស់ជាងគេបំផុតលើពិភពលោកទទួលមរណភាពក្នុងជន្មាយុ ១១៨ឆ្នាំ

ទីភ្នាក់ងារសារព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃពុធទី១៨ មករាឆ្នាំ២០២៣ បានឱ្យដឹងថា ដូនជីជនជាតិបារាំង Lucile Randon ដែលមានអាយុចំណាស់ជាងគេបំផុតលើពិភពលោកបានទទួលមរណភាពក្នុង ជន្មាយុ ១១៨ឆ្នាំ នេះបើតាមលោក DavidTavella អ្នកនាំពាក្យមណ្ឌលថែទាំចាស់ជរា ស្ថិតនៅក្រុងToulon ភាគខាងត្បូងនៃប្រទេសបារាំងបានជូនដំណឹងស្តីពីមរណភាពរបស់លោកយាយ។

មរណភាពរបស់លោកយាយបានធ្វើអោយលោកយាយអេស្ប៉ាញ Maria Branyas ដើមកំណើតអាមេរិកជាប់កំណត់ត្រា Guinness World Records ក្នុងនាមជាបុគ្គលដែលកំពុងរស់នៅ ហើយមានវ័យចំណាស់ជាងគេបំផុតលើពិភពលោក។ គិតត្រឹមថ្ងៃទី១៧ ខែមករាលោកយាយមានអាយុ ១១៥ឆ្នាំ និង៣២០ថ្ងៃ។

លោកយាយ អាយុចំណាស់ជាងគេបំផុតលើពិភពលោកទទួលមរណភាពក្នុងជន្មាយុ ១១៨ឆ្នាំ

លោកយាយRandon ត្រូវបានគេស្គាល់ថា Sister Andre បានកើតនៅភាគខាងត្បូងប្រទេសបារាំងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩០៤នៅពេលដែលសង្គ្រាមលោកលើកទី១ នៅសល់មួយទសវត្សរ៍ទៀត។

គួររំឭកថាស្ត្រីបារាំងឈ្មោះ Jeanne Louise Clament ដែលបានទទួលមរណភាពកាលពីឆ្នាំ១៩៩៧ ក្នុងវ័យ១២២ឆ្នាំ និង១៦៤ថ្ងៃគឺជាស្ត្រីដែលមានអាយុច្រើនជាងគេបំផុត។ រីឯបុរសដែលមានអាយុវែងជាងគេគឺលោកតា Jiroemon Kimura ជនជាតិជប៉ុនដែលបានទទួលមរណភាពនៅឆ្នាំ២០១៣ក្នុងវ័យ១១៦ឆ្នាំ និង៥៤ថ្ងៃ៕