លោក គា ធី ដែលមានគោរមងារជាឧកញ៉ាល្បីរន្ទឺសង្ស័យមកថា សង់ផ្ទះត្រចៀកកាំជាច្រើនកន្លែងបំពានច្បាប់មានដូជា ១.ច្បាប់អនុញ្ញាតសាងសង់មិនត្រឹមត្រូវ ២.ចាក់ដីបំពានលើព្រែក ៣.សង់សំណង់មិនឃ្លាតពីទីប្រជុំតាមច្បាប់បរិស្ថានដែលបានកំណត់ដើម្បីបញ្ជៀសសម្លេងរំខានដល់ពលរដ្ឋ ៤.សង់ស៊ីចំណីផ្លូវសាធារណៈជាដើម ស្ថិតនៅក្បែរទីប្រជុំស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភពព័ត៌មានដែល 1Post ទទួលបានគឺឧកញ៉ា គា ធី ហាក់មិនខ្វល់នឹងច្បាប់ប៉ុន្មានទេ ជាក់ស្ដែងដូចជាសំណង់របស់ដែលគេសង្ស័យជាលោក ទើបសាងសង់រួចរាល់ថ្មីៗនេះ ត្រូវបានអាជ្ញាធរនិងមន្ត្រីជំនាញថ្នាក់ខេត្តរកឃើញថាបានបំពានច្បាប់ តែអាចធ្វើទៅបានដោយចាក់ដីលើព្រែក សំណង់អត់ច្បាប់អនុញ្ញាតសង់នៅកៀកទីប្រជុំជនផ្ទុយពីច្បាប់បរិស្ថាន និងសង់របងរំលោភលើចំណីផ្លូវ នាំឱ្យពលរដ្ឋកើតឆ្ងល់ថា ហេតុអ្វីឧកញ៉ាហ៊ានសាងសង់? តើអាជ្ញាធរថ្នាក់ស្រុកមិនហ៊ានក្អកនឹងអំណាចឧកញ៉ា ឬមានវាំងននខ្មៅអ្វីនៅពីក្រោយបានជាបណ្ដែតបណ្ដោយឱ្យសង់រួចរាល់ទាំងគ្មានច្បាប់។ តើនេះអាចនិយាយបានថា បុគ្គលអ្នកមានហ៊ានធ្វើទាំងបំពាន ក្រោយធ្លាយព័ត៌មានទើបចំណាត់ការរត់តាមក្រោយបានឬទេ? គ្រាដែលករណីបែបនេះកើតឡើងរីកដូចផ្សិតនៅខេត្តកោះកុង។
ក្រោយព័ត៌មានចុះផ្សាយជាបន្តបន្ទាប់នូវសកម្មភាពនេះនៅថ្ងៃ០៤ មករា ២០២៣ អភិបាលរងខេត្តកោះកុងលោក សុខ សុទ្ធី ដែលដឹកនាំកម្លាំងចុះពិនិត្យទីតាំងសំណង់ផ្ទះត្រចៀកកាំនោះបានប្រាប់អ្នកកាសែតថា ប្រសិនក្នុងរយៈពេល១សប្តាហ៍ បើម្ចាស់សំណង់មិនស្នើសូមច្បាប់អនុញ្ញាឱ្យបានត្រឹមត្រូវទេ រដ្ឋបាលខេត្តនឹងឱ្យមេធាវីសហការជាមួយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរៀបចំឯកសារដាក់ពាក្យបណ្តឹងទៅតុលាការ។
ទាក់ទងសកម្មភាពខាងលើឧកញ៉ា គា ធី បន្ទាប់ពីទទួលសាសំណួរពីក្រុមការងារ 1Post ហើយ មិនទាន់មានការបញ្ជាក់នៅឡើយ ថែមទាំងប្លុកលេខតេឡេក្រាមយើងខ្ញុំចោលទៀត។
គួររម្លឹកថា សំណង់ត្រចៀកកាំនៅទីប្រជុំជនស្រុកស្រែអំបិលដែលគេសង្ស័យពាក់ព័ន្ធជាមួយឧកញ៉ា គា ធី មិនតិចជាង៣កន្លែងទេ ដែលគេសាងសង់មិនមានច្បាប់ត្រឹមត្រូវ និងបំពានច្បាប់ តែក្រុមការយើងសួរនាំឧកញ៉ារូបនេះមិនឆ្លើយតបនោះទេ៕ តាពេជ្រ