ដីព្រៃ ៣៥០ហិកតា ដែលសង្ស័យថាមានភាពមិនប្រកតីរបស់លោក ម៉េង យុយ អតីតមេឃុំដងពែង ក្រោយលោកបានស្លាប់ទៅត្រូវបានគ្រួសាររបស់លោកយកទៅលក់ក្នុងតម្លៃ ៧០០០ដុល្លារក្នុងមួយហិកតាស្មើនឹងជាងពីរលានសែសិបប្រាំម៉ឺនដុល្លារ ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
បច្ចុប្បន្នត្រូវបានគេធ្វើលិខិតកក់ប្រាក់ចំនួន ៥០ម៉ឺនដុល្លារហើយ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នឹងយកប្រាក់បង្គ្រប់។
ទាក់ទងនឹងដីនេះដែលល្បីមកថា កូនស្រីអតីតលោកមេឃុំ គឺអ្នកស្រី អាយ គិន និងប្ដីឈ្មោះ អន ភារ: ជាតួសំខាន់ក្នុងដំណើរការលក់ដីខាងលើ។ តែត្រូវបានលោក អន ភារ: បញ្ជាក់ប្រាប់ 1Post ហើយថា ប្ដីប្រពន្ធលោកមិនជាប់ពាក់ព័ន្ធទេ គឺម្ដាយក្មេកនិងប្អូនថ្លៃដែលជាអ្នកយកទៅលក់។ ពោលគឺមិនពាក់ព័ន្ធជាមួយលោកនិងប្រពន្ធទេ។
ពាក់ព័ន្ធនឹងដីព្រៃដែលគ្មានដំណាំអាស្រ័យផលនេះត្រូវគេខ្សឹមខ្សៀវមកថា មួយចំណែកបានមកពីការកាប់រានយកដីព្រៃសម្បត្តិជាតិ និងមួយចំនួនប្រមូលទិញពីពលរដ្ឋក្រីក្រដែលគ្មានលទ្ធភាពកែប្រែស្ថានភាពដីព្រៃទៅជាដីអាស្រ័យផល។
គ្រាដែលដីខាងលើត្រូវបានគេឈូសឆាយដើមឈើឱ្យរាបដល់ដីហើយកាលពីពេលកន្លងទៅ ដោយមិនទាន់មានប្លង់កម្មសិទ្ធិត្រឹមត្រូវនៅឡើយ។ និយាយជារួមការដែលល្បីថាកាត់ឆ្វៀលឱ្យពលរដ្ឋអាស្រ័យផលជាក់ស្ដែងគឺភាគច្រើនបានធ្លាក់លើដៃឈ្មួញអ្នកមាន ព្រោះតែភាពក្រីក្ររបស់ពលរដ្ឋឈ្មោះជាម្ចាស់ដី។ ហើយដីព្រៃនោះទៀតសោតមិនមានការអាស្រ័យផលជាស្ដែង ព្រោះឃើញតែព្រៃមិនមានដំណាំនិងអ្នករស់នៅ ពេលទាក់ទងឈ្មួញបានក៏ឈូសឆាយព្រៃចោលលក់តែម្ដង។ តើការពិតយ៉ាងសូមអ្នកពាក់ព័ន្ធជួយបញ្ជាក់ផង?៕ តាពេជ្រ