តាមរយៈឃ្លីបវីដេអូសកម្មភាពកាប់បំផ្លាញព្រៃឈើនិងឈូសឆាយដីព្រៃបានកំពុងកើតមាននៅក្នុងឃុំរយ៉រស្រុកកោះញែក ខេត្តមណ្ឌលគិរី គ្រាអាជ្ញាធរមូលដ្ឋានអះអាងថា ការកាប់ឈើនិងឈូសឆាយដីព្រៃនោះ មិនស្ថិតនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលដែនដីឡើយគឺស្ថិតនៅក្នុងតំបន់បរិស្ថានដែលមើលទៅហាក់ដូចជាកំពុងរុញការទទួលខុសត្រូវលើផលប្រយោជន៍រួម។
មន្ត្រីសាលាស្រុកកោះញែកមួយរូបសូមមិនបញ្ចេញអត្តសញ្ញាណបានបរិយាយឱ្យដឹងថា នៅក្នុងឃុំរយ៉រ ស្ថិតនៅក្នុងតំបន់របៀងជីវៈចម្រុះនៃដែនសមត្ថកិច្ចបរិស្ថានមានសកម្មភាពគ្រឿងចក្រកំពុងកាប់បំផ្លាញដើមឈើឈូសឆាយដីព្រៃសង្ស័យថា មានការឃុបឃិតគ្នារវាងមន្ត្រីបរិស្ថានតំបន់ភ្នំព្រិចនិងមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាលសាលាស្រុក។
ទាក់ទងសកម្មភាពនេះលោកប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគីរី មិនទាន់មានការបញ្ជាក់នៅឡើយ បន្ទាប់ពីលោកទទួលសារសំណួរពី 1Post កាលពីព្រឹកថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២៣។
ទោះយ៉ាងណាប្រភពដដែលបានឱ្យដឹងថា ពួកឈ្មួញអ្នកមានប្រើឥទ្ធិពលដុល្លារប្រហារចំណែកព្រៃឈើយកដីនៅក្នុងតំបន់អភិរក្សលំផាត់និងតំបន់ស្រែពក ដោយឈូសឆាយក្លាយទៅជាវាលមុននឹងលក់បន្តយកប្រាក់ចំណេញ តើការពិតយ៉ាងណាសូមអ្នកដែលពាក់ព័ន្ធជួយបញ្ជាក់ផង នេះជាសំណួរ?៕ វីដេអូ https://fb.watch/iUi2yRrtnx/