ព្រះសីហនុ៖ ក្រុមតៃកុង និងប្រូរឡានដឹកថ្ម ខ្សាច់ លើសទម្ងន់កម្រិតកំណត់ និងល្មើសបច្ចេកទេស បណ្ដាក់គ្នាដូចខ្យងចូលបង់ប្រាក់ឱ្យមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្រព្រះសីហនុ។
សេចក្ដីរាយការមកថា ជារៀងរាល់ថ្ងៃគេតែងតែឃើញសកម្មភាពក្រុមតៃកុង ឬក៏ប្រូឡានដែលដឹកល្មើសបច្ចេកទេស និងលើសទម្ងន់កម្រិតកំណត់មុខសញ្ញាដដែលៗឈប់ឡានហើយចុះដើរលូកហោប៉ៅសម្ដៅចូលទៅក្នុងអាគារធ្វើការរបស់មន្ត្រីជញ្ជីងមុននឹងឡើងថ្លឹង គ្រាដែលឡានខ្លះឡើងថ្លឹងរួចហើយបើកអែបទៅចិញ្ចើមផ្លូវចតចោល ទើបដើរលូកហោប៉ៅសម្ដៅទៅជួបមន្ត្រីជញ្ជីងអូរចំណាមិនហ៊ានរំលងនោះទេ។
ទាក់ទងសកម្មភាពនេះលោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានឱ្យដឹងថា រថយន្តដែលដឹកលើសទំងន់កំណត់ក្នុងកម្រឹតអនុគ្រោះ ( ៤២តោន ដល់៤៥តោន ) ត្រូវបានហៅទៅណែនាំ អប់រំ ឫ ចុះកិច្ចសន្យា។ រថយន្តដឹកហួសកម្រឹតអនុគ្រោះត្រូវបានផាកពិន័យ និងផ្ទេសម្ភារចេញ។ រថយន្តដឹកលើសកម្រឹត ២០% ត្រូវបានផាកពិន័យ នឹងឃាត់រក្សាទុក ១ឆ្នាំ។ លោកថា កន្លងមកក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ពុំមានការដឹកលើសទម្ងន់កម្រឹតរក្សាទុកឡើយ។ ហើយការដឹកលើសកម្រឹតអនុគ្រោះត្រូវបានផាកពិន័យទៅតាមច្បាប់និងផ្ទេរសម្ភារចេញ។ មន្ទីរក៏ដូចក្រសួងមិនគាំទ្រឱ្យមានការប្រព្រឹត្តល្មើសនានាឡើយ។ តែលោកមិនបញ្ជាក់ពីសកម្មភាពនៃការឈប់រថយន្តចុះដើរលូកហោប៉ៅទៅជួបមន្ត្រីជញ្ជីងនៅទីកន្លែងបិទជិតមុននឹងក្រុមឡានទាំងនោះឡើងថ្លឹង។
ដោយឡែកតាមវីឌីអូដែល 1Post ទទួលបានបង្ហាញថា សកម្មភាពការលូកហោប៉ៅដើរទៅចាប់ដៃជាមួយមន្ត្រីជញ្ជីងមុនឡើងថ្លឹងច្រើនជាងការដែលថ្លឹងរួចហើយទៅចាប់ដៃជាមួយមន្ត្រីជញ្ជីង។ ដែលការនេះបង្ហាញឱ្យដឹងថា តៃកុង ឬប្រូឡានដឹងជាមុនហើយថាការដឹករបស់ខ្លួនលើសទម្ងន់ ឬក៏ល្មើសបច្ចេកទេស គ្រាដែលការបើកឡើងថ្លឹងហើយទើបត្រឡប់ក្រោយមកចាប់ដៃមន្ត្រីវិញនឹងចំណាយពេលយូរ។ ព្រោះតែអាគារណាត់ជួបមានចម្ងាយឆ្ងាយជាងពេលដែលចុះជួបមុនឱ្យហើយ។
សូមរំលឹកផងដែរថា អន្តរក្រសួងដែលពាក់ព័ន្ធនាពេលកន្លងទៅ បានចេញសារាចរណ៍ណែនាំកំណត់ថា ការដឹកជញ្ជូនដី ខ្សាច់ ថ្មគ្រប់ប្រភេទត្រូវតែស្ងួតមិនលើសទ្រុង មិនលើសទម្ងន់ គ្របឱ្យជិត មិនត្រូវធ្វើឱ្យដី ថ្ម ខ្សាច់ ធ្លាក់លើផ្លូវ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន សណ្ដាប់ធ្នាប់ និងផលប្រយោជន៍សាធារណៈ ដោយត្រូវគោរពបទដ្ឋានបច្ចេកទេសដែលកំណត់៕ តាពេជ្រ