ជារៀងរាល់ថ្ងៃគេតែងតែឃើញសកម្មភាពក្រុមតៃកុង ឬក៏ប្រូឡាន ដឹកថ្ម ដឹកខ្សាច់ ដឹកទំនិញផ្សេងៗតែងតែបង្អង់ឡានហើយចុះដើរលូកហោប៉ៅសម្ដៅចូលទៅក្នុងបន្ទប់ធ្វើការរបស់មន្ត្រីជញ្ជីងមុននឹងឡើងថ្លឹង គ្រាដែលឡានខ្លះទៀតឡើងថ្លឹងរួចហើយបើកទៅអែបកៀនចាំទទួលគ្នីគ្នាដែលបានចុះទៅជួបមន្ត្រីស្ថានីយ៍ជញ្ជីងព្រះស្ដេច ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិក្រសារជេទឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ទាក់ទងសកម្មភាពនេះលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រៃវែង មិនទាន់មានការបញ្ជាក់ទេ បន្ទាប់ពីឃើញសញ្ញាគ្រីសទទួលសារសំណួរពីក្រុមការងារ 1post តាមបណ្ដាញតេឡេក្រាម និងវស់អេប របស់លោកតាំងពីថ្ងៃទី ១០ កញ្ញា រហូតមកដល់វេលាចេញផ្សាយនេះ។ ឃើញសញ្ញាទទួលហើយមិនតប។
ក្នុងនោះក៏មាននៅការកើតឆ្ងល់ផងដែរថា តើការដឹកជញ្ជូនល្មើសបច្ចេកទេស ដូចជាផ្ទុកទំនិញ ឬ ថ្ម ខ្សាច់សើម ហួសទ្រុងលើសពីច្បាប់កំណត់ គ្របមិនបានត្រឹមត្រូវ គួរតែមានវិធានការនៅស្ថានីយ៍ជញ្ជីងនោះដែរឬទេ គ្រាដែលឃើញកម្លាំងចម្រុះក្នុងចំណោមនោះក៏មាននគរបាលចរាចរណ៍ផងទៀត តែបែជាក្រុមដឹកទាំងនោះបន្តដំណើរទៅមុខបាន?។
សូមរំលឹកផងដែរថា អន្តរក្រសួងដែលពាក់ព័ន្ធនាពេលកន្លងទៅ បានចេញសារាចរណ៍ណែនាំកំណត់ថា ការដឹកជញ្ជូនដី ខ្សាច់ ថ្មគ្រប់ប្រភេទត្រូវតែស្ងួតមិនលើសទ្រុង មិនលើសទម្ងន់ គ្របឱ្យជិតត្រឹមត្រូវ មិនត្រូវធ្វើឱ្យដី ថ្ម ខ្សាច់ ធ្លាក់លើផ្លូវ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន សណ្ដាប់ធ្នាប់ ដោយត្រូវគោរពបទដ្ឋានបច្ចេកទេសដែលកំណត់។ នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនងភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕