“ត្អើក” អាចកើតឡើងលើមនុស្សគ្រប់គ្នា បណ្ដាលមកពីក្រពះអាហារកើតអាការក្រហាយ ធ្វើឱ្យសរសៃប្រសាទត្រូវជំរុញឱ្យធ្វើការខុសប្រក្រតី បណ្ដាលឱ្យសន្ទះបាំងខ្យល់ ឬសាច់ដុំដែលឃាំងកណ្ដាលរវាងប្រអប់ទ្រូង និងប្រអប់ពោះ មានអាការបង្រួមខ្លួនឡើងរឹងជាចង្វាក់ៗ សាច់ដុំឆ្អឹងជំនីបានទទួលរងការញ័ររញ្ជួយឱ្យកើតការបង្រួមខ្លួនឡើងរឹងក្នុងលក្ខណៈដូចគ្នា។
មូលហេតុត្អើក មានទាំងខាងសភាពរាងកាយ និងខាងអារម្មណ៍។ ខាងរាងកាយមានដូចជា ផលប៉ះពាល់បន្ទាប់បន្សំពីភាពខុសប្រក្រតីរបស់បំពង់ក និងដើមទ្រូង ដូចជាឃើញមានដុំសាច់ដុះក្រពេញទឹករងៃរីកធំ ឬភាពខុសប្រក្រតីរបស់ប្រអប់ពោះ ដូចជា រលាកសាច់ភ្នាសប្រអប់ពោះ ឬអាការដែលកើតឡើងក្រោយការវះកាត់។ ចំណែកអាការត្អើក បណ្តាលមកពីខាងអារម្មណ៍ មានដូចជា ការភ្ញាក់ផ្អើលឡើងភ្លាមៗ ឬមានបញ្ហាធុញថប់តានតឹងរ៉ាំរ៉ៃ ជាដើម។
ក្រៅពីនេះ ការញ៉ាំភេសជ្ជៈដែលមានហ្គាសច្រើន ដូចជាស្រាបៀរ ស្រាសូដា ការទទួលទានអាហារច្រើនជ្រុលពេក ញ៉ាំអាហាររសជាតិហឹរ ឬប្រៃខ្លាំង និងជក់បារីច្រើន ក៏ជាមូលហេតុរបស់អាការត្អើកបានដូចគ្នា។
ជាប្រក្រតី អាការត្អើកនឹងបាត់ទៅវិញជាបណ្ដើរៗ នៅពេលពេលវេលាកន្លងផុតទៅបានមួយរយៈតែបើសិនជាមានអាការត្អើកក្នុងអំឡុងពេលសំខាន់ៗ ដូចជា ស្ថិតក្នុងអំឡុងពេលប្រជុំ សម្ភាសចូលធ្វើការ ឬនៅក្នងទីសាធារណៈ ជាដើមនោះ យើងច្រើនតែចង់ឱ្យអាការត្អើកនេះឆាប់បាត់ទៅវិញឱ្យលឿនៗ ដូច្នេះចូរសាកល្បងធ្វើតាមវិធីខាងក្រោមទាំងអស់នេះសាកលមើល៖
១.ដកដង្ហើមក្នុងថង់ក្រដាស
២.ទំពានំប៉័ងក្រៀម
៣.បង្អោនខ្លួនញ៉ាំទឹកពីមាត់កែវដែលនៅខាងមុខ ឬខាងណាដែលនៅជិតបបូរមាត់
៤.ក្រេបទឹកពីកែវលឿនៗ ច្រើនៗក្អឹក
៥.លេបទឹកកកដែលកិនម៉ដ្ឋ
៦.ធ្វើឱ្យភ្ញាក់ផ្អើលខ្លាំង ដូចជា ទះខ្នងស្រាលៗមិនឱ្យដឹងខ្លួនភ្លាមៗ
៧.ច្របាច់ត្រង់សាច់ប៉ោងក្រោមម្រាមមេដៃរបស់ដៃម្ខាងទៀត ឬសង្កត់ម្ដុំស្នាមចង្អូរលើបបូរមាត់
៨.យកម្រាមដៃញ៉ុករន្ធត្រចៀក ប្រមាណជា ២០-៣០នាទី
៩.ក្រេបទឹកផ្លែក្រូចឆ្មារស្រស់
១០.អត់ដង្ហើម ហើយរាប់លេខនៅក្នុងចិត្តពី១ ដល់១៥
បើធ្វើគ្រប់វិធីអស់ហើយ អាការត្អើកនៅតែមិនបាត់ទៀត សូមធ្វើចិត្តឱ្យត្រជាក់ៗ ហើយអង្គុយរង់ចាំមួយស្របក់ អាការត្អើកនឹងល្អប្រសើរឡើងវិញជាបណ្ដើរៗមិនខាន។ តែបើលោកអ្នកមានអាការត្អើកញឹកញាប់ ឬត្អើកខ្លាំងៗ រហូតដល់កើតអាការឈឺ-ក ឈឺដើមទ្រូង ឬឈឺខ្នងនោះ គួរតែប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យរាងកាយយ៉ាងលម្អិតជាថ្មីម្ដងទៀត៕