កម្ពុជាប្រហែលជាពិបាកកាត់បន្ថយអត្រាឆ្លងជំងឺអេដស៍ថ្មីទៅតាមផែនការដែលបានកំណត់ក្រោម១នាក់ក្នុង១ថ្ងៃនៅឆ្នាំ២០២៥ ដល់២០៣០ ខណៈបច្ចុប្បន្នមានអ្នកឆ្លងជំងឺអេដស៍ថ្មីប្រមាណ១២០០នាក់ក្នុង១ឆ្នាំ ស្មើនឹងជាង៣នាក់ក្នុង១ថ្ងៃ។ ការឱ្យដឹងនេះពីសំណាក់លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍(NAA) ក្នុងសិក្ខាសាលាជាមួយបណ្តាញសារព័ត៌មានស្តីពីស្ថានភាព និងការចូលរួមឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជានៅសណ្ឋាគារភ្នំពេញកាលពីថ្ងៃទី៨ សីហា ឆ្នាំ២០២៤។
លោកទេសរដ្ឋមន្ត្រីបន្តថា អត្រាឆ្លងជំងឺអេដស៍ថ្មីមានការថយចុះនៅមុនការរាតត្បាតជំងឺកូវីដ១៩ គឺមានប្រហែល៨០០នាក់ក្នុង១ឆ្នាំ។ ប៉ុន្តែពេលជំងឺកូវីដផ្ទុះអត្រាឆ្លងជំងឺអេដស៍ថ្មីបានហក់ឡើងរហូតដល់១៤០០នាក់ក្នុង១ឆ្នាំ ឬប្រហែល៤នាក់ក្នុង១ថ្ងៃដោយសារប្រជាពលរដ្ឋគិតថា ជំងឺអេដស៍នៅកម្ពុជាលែងជាបញ្ហា ឬអស់ជំងឺអេដស៍ធ្វើឱ្យពួកគាត់មានការធ្វេសប្រហែលលែងការពារខ្លួន ឬពាក់ស្រោមអនាម័យនៅពេលរួមភេទជាមួយដៃគូដូចមុន។ ក្រៅពីនេះក៏មានអ្នកបម្រើសេវាកំសាន្តសប្បាយខ្លះពេលដែលដៃគូផ្តល់កម្រៃខ្ពស់ជាថ្នូរនឹងមិនពាក់ស្រោមអនាម័យ។
លើសពីនេះតាមការស្រាវជ្រាវមានយុវវ័យកម្ពុជាមានការយល់ដឹងស្តីពីជំងឺអេដស៍នៅមានកម្រិតទាបត្រឹមជាង២០%ដែលធ្វើឱ្យពួកគាត់សប្បាយការរួមភេទដោយមិនបានការពារខ្លួនព្រោះថា បច្ចុប្បន្នយើងមានវិធីការពារខ្លួនច្រើនដូចជាស្រោមអនាម័យមិនត្រឹមតែអាចការពារជំងឺអេដស៍ប៉ុណ្ណោះទេថែមទាំងអាចការពារជំងឺកាមរោគ និងការពារមិនឱ្យមានកូនដោយចៃដន្យ ឬតាមផែនការ និងមានឱសថសម្រាប់លេបការពារការឆ្លងមេរោគអេដស៍ទាំងមុន និងក្រោយរួមភេទផងដែរ៕