កោះកុង៖ ពលរដ្ឋ ឬអ្នកភូមិឋានៈតូចទាបមិនហ៊ានដល់ម្លឹងទេ ករណីអស់លោកអ្នកមានទ្រព្យ និងអំណាចអាចធ្វើបានដោយកាប់បំផ្លាញព្រៃកោងកាងចាក់ដីលុបសមុទ្រ និងសង់សំណង់រឹងមាំបានយ៉ាងរំភើយ គ្មានរដ្ឋអំណាចថ្នាក់ស្រុក និងខេត្តកោះកុងទៅរំខាននៅឡើយ ទំនងទាល់តែថ្នាក់ដឹកនាំចង្អុលទើបអើពើមើលទៅ។ ព្រោះករណីបែបនេះកន្លងទៅសម្ដេចនាយករដ្ឋមន្ត្រីក៏ធ្លាប់មានចំណាត់ការផងដែរ (សម្លេង)។
សកម្មភាពអស់លោកអ្នកមានទ្រព្យនៅកៀកស្មានឹងឧកញ៉ាសម្ដីខែងរ៉ែងម្នាក់ ដែលត្រូវបានគេដឹងថា ពាក់ពន្ធ័នឹងសំណង់ខាងលើស្ថិតនៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
បច្ចុប្បន្នក្រុមអាម៉ីអាថោងរបស់ឧកញ៉ានោះកំពុងឆ្លេឆ្លាបិទព័ត៌មានដែលបានចុះផ្សាយនៅតាមបណ្ដាអង្គភាពមួយចំនួន ដោយគេយកអំណាចអ្នកណាដែលគេដឹងថា មានឥទ្ធិពលលើបុគ្គលអ្នកផ្សាយ និងជៈលុយបន្តិចបន្តួចដើម្បីបិទព័ត៌មាន។
ទាក់ទងសកម្មភាពចាក់ដីលុបសមុទ្រ និងសង់សំណង់ទាំងបំពានច្បាប់នេះលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល នៅមិនទាន់មានការបញ្ជាក់ទេ បន្ទាប់ពីលោកទទួលសារសំណួរពី 1Post កាលពីថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០២២។
ចំណែកភាគីម្ចាស់សំណង់ខាងលើ 1Post មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយ។
សូមរំលឹកថា តាមអនុក្រឹតលេខ ៩៨ អនប្របក ចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ត្រង់មាត្រា៨ បានកំណត់ថា ឆ្នេរ និងពាមសមុទ្រ ត្រូវទុកចម្ងាយ ១០០ម៉ែត្រ(ពេលទឹកជោរអតិបរមា) ដោយគិតពីមាត់ឆ្នេរ និងមាត់ពាមសមុទ្រ ហើយប្រសិនបើមានផ្លូវសាធារណៈស្របឆ្នេរស្រាប់ក៏គិតត្រឹមផ្លូវនោះ។ ចុះក្រឡេកមកមើលទីតាំងនេះវិញ ហេតុអ្វីគេអាចសង់សំណង់រឹងមាំថ្មីៗលើដីឆ្នេរ និងវាទទីយកដីព្រៃកោងកាងលិចទឹកបាន៕ តាពេជ្រ