ព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់បានបង្ហោះវីដេអូសកម្មភាពហ្វូងត្រីដូហ្វីនជាច្រើនក្បាលហែលើផ្ទៃសមុទ្រកោះរ៉ុង។ ហើយគណនីហ្វេសប៊ុកឈ្មោះជាភាសាចិន Liuxiaoqiang និងតាមTik Tok ឈ្មោះថា @Koh Rong driving បានបង្ហោះវីដេអូ។
វីដេអូនោះបានបង្ហាញឱ្យឃើញបុរសជនជាតិចិននោះបានជិះកប៉ាល់នៅសមុទ្រកោះរ៉ុង ហើយបានថតជាប់ហ្វូងត្រីដូហ្វីនកំពុងតែលោតបង្ហាញខ្លួន។
បុរសជនជាតិចិនរូបនោះបានបញ្ជាក់ថាខ្លួនមករស់នៅលើកោះរ៉ុងនេះអស់រយៈពេល៣ឆ្នាំ ហើយក៏បានជួបប្រទះនូវសត្វត្រីដូហ្វីននេះជាច្រើនលើកមកហើយផងដែរ «ខ្ញុំបានជួបត្រីដូហ្វីនជាច្រើនដងហើយ ឃើញអ្នកទាំងអស់គ្នាចូលចិត្ត។
ដូច្នេះខ្ញុំចែករំលែកទៅកាន់អ្នកទាំងអស់គ្នា។ ខ្ញុំសង្ឃឹមថាយើងអាចការពារបរិស្ថានទាំងអស់គ្នាដើម្បីឱ្យសត្វប្រភេទនេះមានវត្តមានរស់នៅក្នុងមហាសមុទ្រដ៏ស្រស់បំព្រងនៃកម្ពុជាកាន់តែច្រើន»។
លោក នួន ប៊ុលថុល អភិបាលក្រុងកោះរ៉ុង បានឱ្យដឹងថា កន្លងមកលោក និងភ្ញៀវទេសចរមួយចំនួនក៏ធ្លាប់បានប្រទះឃើញហ្វូងត្រីដូហ្វីននេះនៅក្នុងសមុទ្រកម្ពុជាផងដែរ។ សត្វត្រីដូហ្វីននេះ កម្រនឹងបានឃើញវាណាស់ព្រោះវាបង្ហាញខ្លួននៅកណ្តាលសមុទ្រទឹកជ្រៅ៕ វេហា