ភ្នំពេញ៖ អ្នកឧកញ៉ា ម៉ម វណ្ណឌី ពាណិជ្ជករវ័យក្មេងវិនិយោគក្នុងពហុវិស័យ និងលោកជំទាវ ទៀងផល្លា បានឧបត្ថម្ភអង្ករចំនួន ១០០តោនជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។
គ្រាសម្តេចតេជោ ហ៊ុន សែន កំពុងបន្តបេសកកម្មចុះសួរសុខទុក្ខ និងចែកស្រូវពូជរាប់ពាន់តោនជូនប្រជាកសិករជាច្រើនពាន់គ្រួសារនៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមដោះស្រាយការលំបាករបស់ជាតិជាមួយរាជរដ្ឋាភិបាល។
អង្ករ ១០០ តោនរបស់អ្នកឧកញ៉ា ម៉ម វណ្ណឌី និងភរិយា ត្រូវបានសម្តេចតេជោប្រគល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំងដើម្បីដោះស្រាយចែកជូនដល់ពលរដ្ឋរងគ្រោះ។
អ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវ ទៀង ផល្លា ជានិច្ចកាលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងសកម្មភាពសប្បុរសធម៌នានា។ ជាក់ស្តែងកាលពីថ្ងៃទី ១៧ ខែតុលាឆ្នាំ២០២២ កន្លងទៅ អ្នកឧកញ៉ា និងលោកជំទាវក៏មានសទ្ធាជ្រះថ្លាបានប្រគេនបច្ច័យ (ថវិកា) ចំនួន២០ម៉ឺនដុល្លារ សម្រាប់កសាងអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលមានទីតាំងស្ថិតនៅវត្តធម្មយុត្តស្ថិតខណ្ឌដូនពេញ រាជធានីភ្នំពេញ ផងដែរ៕