កម្ពុជាមិនទាន់ដាក់បញ្ចូលវ៉ាក់សាំងគ្រុនឈាម ក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅឡើយទេ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 25 វិច្ឆិកា 2026
កម្ពុជាមិនទាន់ដាក់បញ្ចូលវ៉ាក់សាំងគ្រុនឈាម ក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅឡើយទេ

បើទោះបីជាបច្ចុប្បន្ន ពិភពលោកបានរកឃើញ និងផលិតវ៉ាក់សាំងការពារជំងឺគ្រុនឈាមជាបន្តបន្ទាប់ក្តី ប៉ុន្តែសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលមិនទាន់ដាក់បញ្ចូលវ៉ាក់សាំងប្រភេទនេះ ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ (NIP) ដើម្បីចាក់ជូនប្រជាពលរដ្ឋទូទៅតាមមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពនៅឡើយទេ។

តាមការកត់សម្គាល់ ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺគ្រុនឈាមនៅកម្ពុជា នាពេលបច្ចុប្បន្ន នៅតែផ្តោតសំខាន់លើវិធានការបង្ការជាមូលដ្ឋាន គឺការលុបបំបាត់ជម្រកមូសខ្លា ការកម្ចាត់ដង្កូវទឹក និងការការពារកុំឱ្យមូសខ្លាខាំ។ 

កម្ពុជាមិនទាន់ដាក់បញ្ចូលវ៉ាក់សាំងគ្រុនឈាម ក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅឡើយទេ

ទន្ទឹមនឹងនេះ កន្លងមក ក្រសួងសុខាភិបាលក៏ធ្លាប់បានចេញសេចក្តីណែនាំក្រើនរំលឹកឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្សព្វផ្សាយលក់ ឬការនាំចូលវ៉ាក់សាំងការពារជំងឺគ្រុនឈាមដែលមិនមានការចុះបញ្ជីត្រឹមត្រូវ និងគ្មានប្រភពច្បាស់លាស់នៅលើបណ្តាញសង្គម។

យ៉ាងណាមិញ យោងតាមទិន្នន័យសុខភាពអន្តរជាតិ វ៉ាក់សាំងការពារជំងឺគ្រុនឈាមជំនាន់ថ្មីឈ្មោះ Qdenga (ផលិតដោយក្រុមហ៊ុន Takeda របស់ប្រទេសជប៉ុន) ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងកម្រិតមានកំណត់នៅតាមមន្ទីរពេទ្យ ឬគ្លីនិកឯកជនកម្រិតអន្តរជាតិមួយចំនួននៅក្នុងប្រទេសកម្ពុជា សម្រាប់អ្នកដែលមានលទ្ធភាព និងត្រូវការការពារជាលក្ខណៈបុគ្គល។ 

កម្ពុជាមិនទាន់ដាក់បញ្ចូលវ៉ាក់សាំងគ្រុនឈាម ក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅឡើយទេ

ចំណែកឯវ៉ាក់សាំងជំនាន់មុនឈ្មោះ Dengvaxia ត្រូវបានក្រុមហ៊ុនផលិតបញ្ឈប់ការផលិត និងផុតកំណត់ប្រើប្រាស់ជាស្ថាពរហើយ។ ជុំវិញបញ្ហានេះ អ្នកជំនាញសុខាភិបាលបានផ្តល់អនុសាសន៍ថា ប្រសិនបើប្រជាពលរដ្ឋមានបំណងចង់ទទួលសេវាចាក់វ៉ាក់សាំង Qdenga នៅតាមសេវាឯកជន ចាំបាច់ត្រូវទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញជាមុនសិន ដើម្បីវាយតម្លៃស្ថានភាពសុខភាព លក្ខខណ្ឌអាយុ និងធានាថាទីតាំងផ្តល់សេវានោះមានស្តង់ដាររក្សាគុណភាពវ៉ាក់សាំងត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ។ 

ទោះជាយ៉ាងណា ការចូលរួមសម្អាតបរិស្ថានជុំវិញផ្ទះ កុំឱ្យមានទឹកដក់ដែលជាប្រភពកកើតមូសខ្លា នៅតែជាវិធីការពារដ៏មានប្រសិទ្ធភាព និងសុវត្ថិភាពបំផុតសម្រាប់គ្រប់ក្រុមគ្រួសារ៕ តាពេជ្រ

កម្ពុជាមិនទាន់ដាក់បញ្ចូលវ៉ាក់សាំងគ្រុនឈាម ក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅឡើយទេ