ក្រុមមន្ត្រី កបប និងអធិការជលផល បានដេញស្ទាប់ចាប់ឃាត់រថយន្តពលរដ្ឋដឹកគ្រឿងសមុទ្រប្រភេទតូរីសសាំយុងនៅម្ដុំវត្តស្លែងផ្លូវជាតិលេខ ៣ យកមកទុកនៅទីស្នាក់ការអធិការដ្ឋានជលផលចតុមុខ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ អស់រយៈពេលជាង ១៤ម៉ោង។ ពោលគឺចាប់ឃាត់តាំងពីម៉ោងជាង ១១យប់ថ្ងៃទី២ វិច្ឆិកា ២០២៥ រហូតដល់ម៉ោងជាង ១រសៀលថ្ងៃទី ៣ វិច្ឆិកាក្រោយពិនិត្យដោយផ្ទាល់ភ្នែក និងចរចាត្រូវគ្នាទើបដោះលែង នាំឱ្យគ្រឿងអន់គុណភាព និងរំខានដល់ជីវភាពអ្នកលក់ដូរ។
ប្រភពដំណឹងពីក្រុមពលរដ្ឋដែលផ្ញើគ្រឿងសមុទ្រតាមរថយន្តខាងលើបានឱ្យ 1Post ដឹងថា គ្រឿងសមុទ្ររបស់ពួកគាត់ខ្លះមាន២ទៅបីកេះ និងខ្លះច្រើនជាងនេះមានដូចជាបង្គា ក្ដាម បានដឹកចេញពីព្រំដែនព្រែកចាកខេត្តកំពត ឆ្ពោះមករាជធានីភ្នំពេញ មិនជាធំដុំដូចឈ្មួញធំៗនោះទេ មានទាំងច្បាប់ និងបង់ពន្ធ លើកលែងក្ដាមប្រហែលម្ហៃទៅសាមសិបគីឡូលក្ខណៈគ្រួសារផ្ញើទៅលក់ដើម្បីចិញ្ចឹមក្រពះគឺមិនបានបង់ពន្ធទេ ប៉ុន្តែមកដល់ចំណុចខាងលើក៏ត្រូវបានមន្ត្រី កបប និងជលផល ចាប់ឃាត់ធ្វើការត្រួតពិនិត្យដោយដៃនិងផ្ទាល់ភ្នែក ហើយប្រាប់ថា ជាបង្គាមានចាក់ចាហ៊ួយ ក៏នាំយកមកទុកហាក់បីដូចជាបង្ខាំង ព្រោះតែរយៈពេលយូរម៉ោងនាំឱ្យអន់សាច់ លក់មិនទាន់ពេលវេលា លក់មិនបានដូចតម្លៃធម្មតា។ សម្លេង
ប្រភពបានបន្តថា មន្ត្រី កបប ថែមទាំងរំលោភលើតួនាទីភារកិច្ច មកសួរដេញដោលអូសដំណើររឿងមិនបង់ពន្ធក្ដាម ដែលមានចំនួនបន្តិចបន្តួចរបស់ពលរដ្ឋជួញដូរលក្ខណៈគ្រួសារតូចតាចផងទៀត។
លោក ហាក់ សុខរិន ប្រធានសាខាការពារអ្នកប្រេីប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា កបប ប្រចាំរាជធានីភ្នំពេញ អត់មានការបញ្ជាក់ទេជុំវិញសំណួរទាក់ទងសកម្មភាពខាងលើ ដោយចូលមើលហើយលុបសារសំណួរ និងរូបភាពចោលមិនតប។ យើងខ្ញុំព្យាយាមសូមការបញ្ជាក់លើកទី២ ឃើញសញ្ញាគ្រីស២ទទួលហើយក៏មិនឆ្លើយតប។
លោក ភួង ទីណា ដែលពីមុនគេដឹងថា ជានាយអធិការរង រដ្ឋបាលជលផលមេគង្គ និងបច្ចុប្បន្នបានមកធ្វើសកម្មភាពទាក់ទងនឹងការឃាត់រថយន្តដឹងគ្រឿងសមុទ្រខាងលើបានឱ្យដឹងថា ជំនាញជលផលបានឃាត់ហើយត្រួតពិនិត្យតាមច្បាប់ស្តីពីជលផល តែក្រោយពីត្រួតពិត្យការដឹកជញ្ជូនផលិតផលជលផលគឺនាំចូលបានត្រឹមត្រូវតាមលិខិតអនុញ្ញាត។ លោកថា ការឃាតទុកយូរគឺខាង ក.ប.ប ត្រួតពិនិត្យទៅលើគុណភាព ដោយមានកាសម្របសម្រួលពីលោកព្រះរាជអាជ្ញារង កងកំលាំងអាវុធហត្ថ ក.ប.ប និងជលផល។ រឿងបញ្ហាក្តាមនិងការត្រួតពិនិ្យគុណភាពលោកថា ឱ្យសួរខាង ក.ប.ប។ លោកថា មិនមែនចាប់តែរថយន្តតូចចោលធំនោះទេ ការចុះបង្រ្កាបមិនងាយស្រួល។ ដោយការងារអនុវត្តន៏បន្តរហូត ហើយក៏មិនអាចឃាត់ភ្លាមបានទាំងអស់ទេ។
ទោះយ៉ាងនេះក្ដីពលរដ្ឋសូមមិនបញ្ចេញឈ្មោះបានត្អូញត្អែខឹងសម្បារ ដោយលើកឡើងថា គួរណាមន្ត្រីជំនាញធ្វើការអោយបានលឿនហ្មត់ចត់ ច្បាស់លាស់ តម្លាភាព ពិសេសអំពីពេលវេលានៃការរក្សាគុណភាពគ្រឿងសមុទ្រ បើទុករហូតដល់ជាង ១៤ម៉ោងក្នុងស្ថានបែបនេះ តើចំណីអាហារនោះប្រែជាអន់សាច់ ឬ ខូចខាតដែរឬទេ។ ហើយប៉ះពាល់អ្វីខ្លះដល់ជីវភាពអ្នករកស៊ី សូមអ្នកពាក់ព័ន្ធជួយបញ្ជាក់ផង៕ ដោយ៖ សាក់ ស៊ុតសាខន