ព្រះវិហារ ៖ បន្ទាប់ពីរដ្ឋបាលព្រៃឈើរវៀងស្ទាក់ចាប់បានរថយន្តម៉ាក Sina ពណ៌ស អត់ស្លាកលេខ ១គ្រឿង ដឹកឈើប្រភេទសុក្រំពេញ ចេញពីទឹកដីខេត្តព្រះវិហារ ស្រាប់តែលោកឈ្មួញឈើខឹងទាញពូថៅបម្រុងកាប់មេព្រៃកាលពីរាត្រីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅលើដងផ្លូវលេខ៩៥ ចំណុចភូមិទួល ឃុំរីករាយ ស្រុករវៀង។
លោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ដែលដឹកនាំប្រតិបត្តិការបង្ក្រាបខាងលើបានឱ្យដឹងថា មុខសញ្ញារថយន្តដឹកបទល្មើសនេះ ក្រុមលោកតាមដានយូរហើយ ថ្ងៃនេះក៏ប្រទះឃើញនៅឃុំរួសរាន់ កម្លាំងក៏តាមប្រដេញបង្ក្រាប តាំងពីម៉ោង៤រសៀល ទើបឃាត់បាននៅវេលាម៉ោង ៧និង១៥នាទីយប់ ខណៈដែលកម្លាំងរបស់លោកស្ទាក់បង្ក្រាបជាក់ស្តែងនោះស្រាប់តែកើតមានការប្រទាញប្រទង់គ្នា ដោយពួកបទល្មើសបានទាញពូថៅបម្រុងកាប់ក្រុមលោកទៀតផង ប៉ុន្តែដោយសារកម្លាំងលោកមានច្រើនទើបពួកគេមិនហ៊ាន និងរត់បាត់អស់ទៅ។
បច្ចិប្បន្នកម្លាំងជំនាញបាននាំយករថយន្តដឹកឈើនោះទៅស្នាក់ការរដ្ឋបាលព្រៃឈើរវៀងដើម្បីចាត់ការតាមនីតិវិធី៕ រំចង់