សៀមរាប៖ ប្រាសាទខ្នារផ្ទោល ជាប្រាសាទសង់អំពីឥដ្ឋ និងថ្មបាយក្រៀមដែលមានចំនួន២ប៉មដោយប៉មនីមួយៗមានទំហំទទឹង៤ម៉ែត្រ បណ្តោយ៦ម៉ែត្រ និងកម្ពស់៦ម៉ែត្រ ឈរទន្ទឹមគ្នា ជើងត្បូងនៅលើរចនាសម្ពន្ធបុរាណមានកសិន្ធុទឹកពទ្ធ័ជុំវិញ។ ប្រាសាទនេះ បច្ចុប្បន្នស្ថិតនៅដាច់ស្រយាលចម្ងាយប្រមាណ៧០គីឡូម៉ែត្រ ភាគខាងជើងឈៀងខាងលិច ពីទីរួមខេត្តសៀមរាបនិងឆ្ងាយពីទីប្រជុំជននៃស្រុកវ៉ារិន ហើយកន្លងមក ការថែទាំ និងអភិរក្សពុំទាន់បានអនុវត្តគ្រប់ជ្រុងជ្រោយនៅឡើយ។
បច្ចុប្បន្នគេសង្កេតឃើញថា រចនាសម្ពន្ធរបស់ប៉មថ្ម និងប៉មឥដ្ឋទាំងមូលរងការខូចខាតធ្ងន់ធ្ងរដោយសាររុក្ខជាតិតូចធំជាច្រើនដុះលើប៉មប្រាសាទ និងមានបញ្ហា ទទួលនូវជម្រាបទឹកជាប្រចាំបណ្តាលឱ្យរចនាសម្ពន្ធប្រាសាទរងនូវការខូចទ្រង់ទ្រាយដោយផ្នែកៗ។
អ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណមួយនេះ ដើម្បីឱ្យគេចផុតពីការបាត់បង់ទៅថ្ងៃមុខតាមរយៈមធ្យោបាយជួយសង្រ្គោះបន្ទាន់ដោយប្រើប្រាស់បច្ចេកទេសទល់ទ្រ និងជួសជុលពង្រឹងរចនាសម្ពន្ធឥដ្ឋដោយផ្នែកៗ។
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ គឺមួយផ្នែកត្រង់រចនាសម្ពន្ធរបស់ខ្លោងទ្វារខាងកើតនៃប៉មខាងត្បូង រួមមាន ផ្តែរ សសរពេជ្របានរលុះចេញពីទីតាំងដើមដោយសារកត្តាធម្មជាតិ។ ចំណែកស្រទាប់ឥដ្ឋដែលសេសសល់ស្ថិតនៅខាងលើផ្តែរ ក៏កំពុងប្រឈមនឹងបន្តការលុះនាពេលបន្ទាប់ខាងមុខ។ ដូចនេះ អាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងរកវិធីទប់ស្កាត់ និងជួយសង្គ្រោះបន្ទាន់ដោយប្រើប្រាស់បច្ចេកទេសទល់ទ្របណ្តោះអាសន្ននៅត្រង់ខ្លោងទ្វារខាងកើតគឺក្នុងបំណងកាត់បន្ថយរាល់ហានិភ័យទាំងនោះ និងអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់សិក្សាលម្អិតអំពីកម្រិតខូចខាតទាំងមូល រួមទាំងរៀបចំកម្មវិធីអភិរក្ស និងជួសជុលសម្រាប់រយៈពេលវែងក្នុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤៕ ក្រសួងវប្បធម៌