កម្មវិធីសំណេរអង្គរ ជាកម្មវិធីថ្មីដែលបង្កើតឡើងក្នុងបំណងលើកកម្ពស់អក្សរសាស្រ្តខ្មែរ តាមរយៈការប្រឡងប្រជែងសរសេរតាមអាន។ កម្មវិធីនេះក៏អាចនឹងក្លាយជាព្រឹត្តិការណ៍ថ្នាក់ជាតិជាប្រចាំឆ្នាំផងដែរនាពេលអនាគត។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានចូលរួមជាអធិបតីភាព ក្នុងកម្មវិធីប្រឡងនេះនៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។ ពិធីខាងលើនេះដែរក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងមន្រ្តីរាជការជាច្រើនរូបទៀត។
លោកជំទាវ ភឿង សកុណា បានប្រើពេល១ម៉ោងក្នុងការអានអត្ថបទប្រឡងទៅកាន់បេក្ខជន ដែលអត្ថបទនោះទាក់ទងនឹងរមណីយដ្ឋានអង្គរ ជាការរៀបចំសម្រិតសម្រាំងទុកដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ក្រោមចំណងជើងថា «អង្គរ អាណាចក្រនៃអរិយធម៌ខ្មែរ»។
សម្រាប់លទ្ធផលនៃការប្រលងនេះនៅមិនទាន់ដឹងនៅឡើយថា បេក្ខជនអង្គនាក់ណាមួយទទួលបានជ័យជំនៈ ដោយរង់ចាំគណកម្មការពិនិត្យក្នុងការផ្ដល់ពិន្ទុក និងប្រកាសឱ្យដឹងនៅពេលខាងមុខ៕