អាជ្ញាធរនិងអ្នកភូមិ បានអះអាងថា ទីតាំងដីទួលកប់សពបូរាណអាយុកាលជាង ២០០០ឆ្នាំ ជាសម្បត្តិបេតិកភណ្ឌជាតិ ត្រូវបានគេធ្វើប្លង់គ្របពីលើយកជាកម្មសិទ្ធបុគ្គល ដែលដើមឡើយមានទំហំជាង ៧ពាន់ម៉ែត្រការ៉េ បច្ចុប្បន្នសល់ ១១០ម៉ែត្រការ៉េ និងហាក់មិនចំទីតាំងចាស់ នៅស្រុកកណ្ដាលស្ទឹង
ការអះអាងបែបនេះដោយសារតែអ្នកភូមិនិងអាជ្ញាធរមូលដ្ឋានបានឃើញប្លង់កាន់កាប់អចលនវត្ថុ (ប្លង់រឹង) ដែលមានក្បាលដីលេខ ៣០៩ បានគ្រប់លើដីទួលកប់សពបុរាណនោះបង្កជាការភ្ញាក់ផ្អើលនិងមិនអស់ចិត្ត ដោយចង់រក្សាទីតាំងនោះទុកជាសម្បត្តិបេតិភណ្ឌជាតិ សម្រាប់មនុស្សជាតិបានស្គាល់តជំនាន់ទៀត។
ដើមឡើយទួលកប់សពបុរាណនេះបានចុចនិយាមការកំណត់ប្លង់រក្សាការពារទំហំ ៧៥៩ ម៉ែត្រការ៉េ ស្ថិតក្នុងភូមិចេក ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ដែលអាជ្ញាធរស្រុក និងមន្ទីរវប្បធម៌ធ្លាប់បានធ្វើការកាត់ឆ្វៀលការពារទុកជាបេតិកភណ្ឌជាតិតាំងពីឆ្នាំ ២០១៩ មកម្លេះ តែមិនដឹងជាយ៉ាងមេចបាននៅខែតុលា ឆ្នាំ ២០២៣ ស្រាប់តែស្ថិតក្នុងប្លង់ដីរបស់បុគ្គលឯកជនទៅវិញ។ ហើយចុងក្រោយនៅថ្ងៃទី២៥ កញ្ញា ២០២៤ ប្លង់រឹងទួលកប់សពបុរាណនោះសល់តែទំហំ ១១០ម៉ែត្រការ៉េប៉ុណ្ណោះ គ្រាដែលធ្លោយពាក្យចចាមអារ៉ាមមកថា គេរៀបចំកាឡៃប្ដូរទីតាំងនោះដើម្បីយករបស់ពិត។
ប្រភពពីអាជ្ញាធរសុំមិនបញ្ចេញឈ្មោះបានដឹងថា ដីទួលកប់សពបុរាណនោះពិតជាស្ថិតក្នុងប្លង់កម្មសិទ្ធិបុគ្គលប្រាកដមែន គ្រាកន្លងទៅមន្ត្រីជំនាញនៃមន្ទីរវប្បធម៌ បានចុះមកពិនិត្យកំណត់កាតឆ្វៀលដោយកំណត់ប្លង់រក្សាការពារទំហំ ៧៥៩ ម៉ែត្រការ៉េ។ សម្លេង
ទាក់ទងសកម្មភាពនេះលោក ធឹម សំអាត អនុប្រធានមន្ទីរវប្បធម៌ខេត្តកណ្ដាល និងជាអ្នកនាំពាក្យ មិនទាន់ឆ្លើយតបសំណួរដែលក្រុមការងារ 1Post បានសាកសួរនៅឡើយ តាំងពីថ្ងៃទី១៤ ធ្នូ ២០២៤ រហូតមកដល់វេលាចេញផ្សាយនេះ ខណៈយើងខ្ញុំកំពុងព្យាយាមទំនាក់ទំនង និងរង់ចាំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ វីដេអូ https://fb.watch/wwRH7R5xGp/?mibextid=wwXIfr&fs=e